2025-01-22 11:18
134

នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រជុំបូកសរុបសន្និបាតប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូល រួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការសាលាខេត្ត មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍ នគរបាល រដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងវិស័យឯកជនជាច្រើនរយបផងដែរ។ 

នៅក្នុងពិធីខាងលើនេះឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានផ្តល់នូវគោលការណ៍ ណែនាំសំខាន់ៗមួយចំនួន ដើម្បី លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងឆ្នាំ ២០២៥ ដែលក្នុងនោះរួមមាន ការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យតំបន់ឆ្នេរចំពោះ ការលក់ ដូរតាមរ៉ឺម៉ក រទេះ និងការលក់ដូរគ្រប់ រូបភាពនៅតាមឆ្នេរសមុទ្រ ធ្វើយ៉ាង ណាឱ្យការលក់ដូរមាន សណ្តាប់ ធ្នាប់ កុំឱ្យមានការកកស្ទះចរាចរណ៍ ធ្វើការផ្សព្វផ្សាយ និងផ្តោតការយកចិត្តទុកដាក់លើ បញ្ហាប្រព្រឹត្តិកម្មសំណល់រឹងប្រកបដោយអនាម័យ និងប្រសិទ្ធភាពការបំលែងថាមពលនិងការកែច្នៃ សំណល់រឹង។ជំរុញឱ្យមានការអនុវត្តគោលការណ៍ការកាត់បន្ថយការប្រើប្រាស់ឡើងវិញ និងការកែ ច្នៃលើការគ្រប់គ្រងសំណល់រឹង ព្រមទាំងការបង្កើតជីកំប៉ុស បង្កើនការផ្សព្វផ្សាយដល់ប្រជាជន ពីការ ញែកសំរាមនៅតាមលំនៅដ្ឋាន សាលារៀន និងទីសាធារណៈ ពង្រឹងមធ្យោបាយប្រមូលសំណល់រឹង ស្របតាមបទដ្ឋានបច្ចេកទេស និងស្តង់ដាទីក្រុងស្អាត រៀបចំ ជាផ្នែកៗ កន្លែងសម្អាតកម្ទេចកម្ទីសំរាម កន្លែងស្តុក គម្របដី និងការលុបសំណល់រឹង ធ្វើការកែលម្អប្រព័ន្ធដឹកជញ្ជូន និងការប្រមូលសំណល់រឹង តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធប្រមូលសំណល់ និងមធ្យោបាយដឹកជញ្ជូន ជំរុញ និងលើកកម្ពស់ដល់ ការត្រួតពិនិត្យ ការកែច្នៃឡើងវិញ និងការកាត់ បន្ថយការផលិតសំណល់រឹងពីអ្នកប្រើប្រាស់ ជំរុញនិង លើកទឹកចិត្តចំពោះការកែច្នៃសំណល់រឹង ឡើង វិញដូចជា ក្រដាសផ្លាស្ទិច និងលោហធាតុក្នុងកម្រិត អតិបរមា ដើម្បីកាត់បន្ថយសំណល់រឹងចុង ក្រោយ ទៅកប់ក្នុងដី។ ការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ រៀបចំពង្រឹង និងកែលម្អរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងការងារ និងការបែងចែកមុខងារ តួនាទី ការទទួលខុសត្រូវរបស់រដ្ឋបាលនីមួយៗឱ្យបាន ច្បាស់លាស់ ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រស្តង់ដាជាតិការតាមដានត្រួតពិនិត្យ អធិការកិច្ចនិងការទទួលខុសត្រូវក្នុងការផ្តល់សេវា សាធារណៈសំដៅបង្ខិតសេវាសាធារណៈឱ្យទៅកៀកជិតប្រជាជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់ ប្រជាជនប្រកបដោយប្រសិទ្ធភាព រហ័ស និងចំ គោលដៅនៃតម្រូវការនៅតាមមូលដ្ឋាននីមួយៗ។ បន្តពង្រឹង និងលើកកម្ពស់សមត្ថភាពតាមរយៈ ការ ពង្រឹងសមត្ថភាពមន្ត្រីប្រកបដោយជំនាញវិជ្ជាជីវៈ នវានុវត្តន៍ និងក្រមសីលធម៌. ការផ្តល់ធនធាន ហិរញ្ញវត្ថុ មធ្យោបាយ ឧបករណ៍ សម្ភារៈ និងធនធាន មនុស្សឱ្យបានសមស្រប .ការធ្វើទំនើបកម្ម ប្រព័ន្ធ គ្រប់គ្រងការងារ ការប្រាស្រ័យទាក់ទង និងការផ្តល់ សេវា សាធារណៈជូនប្រជាពលរដ្ឋប្រកប ដោយ គណនេយ្យភាព គុណភាព តម្លាភាពរហ័ស និងភាព ជឿទុកចិត្ត ។ 

ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ៧ចំណុច របស់រាជរដ្ឋភិបាល ក្នុងនោះមានដូចជា៖ ១.ផ្តល់សេវាសាធារណ ប្រកបដោយ តម្លាភាព មានការជឿជាក់ពីប្រជាពលរដ្ឋ ២.គ្មានបទល្មើសលួចឆក់ ល្បែងស៊ីសងខុស ច្បាប់ គ្រឿងញៀន ទាមទារឱ្យមានការចូលរួមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ៣.រៀបចំសណ្តាប់ធ្នាប់សាធារណ គ្មានគ្រោះថ្នាក់ចរាចរណ៍ ៤.គ្មានអំពើអនាចារ គ្មានក្មេងទំនើង ៥.ដោះស្រាយវិវាទក្រៅប្រ័ន្ធតុលាការឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ៦.អនុវត្តអនា ម័យ បរិស្ថាន សោភណ្ឌភាពបៃតង ក្នុងមូលដ្ឋាន ៧.ឆ្លើយតបបានទាន់ពេលវេលា និងគ្រោះមហន្ត រាយ៕