2025-01-21 15:40
171

ព្រៃវែង៖   នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រារព្ធធ្វើនៅសាលាខេត្តព្រៃវែង។ 

នៅក្នុងពិធីខាងលើនេះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងថាសន្និបាតនេះ គឺជាឱកាសសម្រាប់បូកសរុប ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ដើម្បីពិនិត្យនូវសមិទ្ធផល ការងារដែលសម្រេច បាន កន្លងមក ជាមួយបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានវិធានការបន្ត ដោះស្រាយ និងដើម្បី ដាក់ចេញនូវផែនការសកម្មភាព ដែលត្រូវអនុវត្តសម្រាប់ឆ្នាំថ្មីឆ្លើយតប ទៅនឹង តម្រូវការក្នុងក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃរដ្ឋបាល ថ្នាក់ ក្រោមជាតិ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ។ ឯកឧត្ដម អភិបាលខេត្ត បន្តថា ជាមួយ គ្នានេះ អង្គសន្និបាតទាំងមូល បានប្តេជ្ញាចិត្តរួមគ្នា ដើម្បីពុះពារ ជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់ បញ្ហាប្រឈមដែលអាចកើតមាន និងបានឯកភាពទៅលើទិស ដៅអនុវត្តការងាររបស់រដ្ឋបាលខេត្ត ឆ្នាំ២០២៥ បន្ថែមលើលទ្ធផល បញ្ហាប្រឈម និងទិសដៅមួយ ចំនួន។ 

នៅក្នុងឪកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តនានា បានសម្រចនូវសមិទ្ធផលធំៗថ្មីៗជាច្រើនជូនជាតិមាតុភូមិ ជាពិសេសការដោះស្រាយ ប្រកបដោយ ប្រសិទ្ធភាព ចំពោះវិបត្តិ និងបញ្ហាប្រឈមនានា ព្រមទាំងការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានា។ 

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមថា អង្គសន្និបាត ក៏បានកត់សម្គាល់ឃើញថា ការធ្វើសមាហរណ កម្ម ក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុង ស្រុកកន្លងមកនេះ នៅតែជាកត្តាចាំបាច់ដែលបានធ្វើឲ្យរដ្ឋបាល ថ្នាក់ក្រុង ស្រុក បន្តជារដ្ឋបាលមួយប្រកបដោយថាមពល ម្ចាស់ការ ទាំងបុគ្គលិក ទាំងធនធាន ដើម្បី ប្រមូលផ្តុំការដឹកនាំគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព និង ភាពឆ្លើយតបខ្ពស់ជាងមុន។ចំពោះការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈយន្ដការច្រកចេញចូលតែមួយ ទាំងនៅថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងថ្នាក់ឃុំ សង្កាត់ បានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រ សាទរពីប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំសេវា ដោយរាជរដ្ឋាភិបាលបានបង្ខិត សេវាឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ និងនីតិវិធីមានលក្ខណៈសាមញ្ញ តម្លាភាព គណនេយ្យភាព ភាពជឿជាក់ ទុកចិត្តបាន និងគ្មានអំពើពុករលួយ៕