2025-01-21 14:29
209

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់តាមរយៈវីដេអូកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥តទៅ មន្រ្តីនគរបាលចរាចរណ៍ គឺចាប់ផ្តើមបាញ់ល្បឿន ផាកពិន័យអ្នកបើកបេលើសល្បឿនកំណត់ និងផ្លុំជាតិអាល់កុល នៅលើផ្លូវ ៦០ម៉ែត្រ ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនេះ។ លោកបន្តថា ផ្លូវ៦០ ម៉ែត្រនេះស្អាត និងធំទូលាយ តែអ្នកប្រើប្រាស់ផ្លូវភាគច្រើនគឺមិនគោរពច្បាប់ចរាចរណ៍។ 

ទន្ទឹមនឹងការបញ្ជាក់ខាងលើនេះ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងបន្ថែមដែរថា លោកក៏បានបញ្ជាទៅលោកស្នងការរងស្តីទីផែនការងារនគរបាលចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដឹកនាំមន្រ្តីជំនាញចុះទៅសិក្សាអំពីស្ថានភាពចរាចរណ៍នៅផ្លូវ៦០ ម៉ែត្រ និងពិនិត្យបញ្ហាប្រឈមដែលកើតមានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រនេះ ដើម្បីចង់ដឹងថា តើកត្តាអ្វីដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវនេះ ហើយជាក់ស្តែង រកឃើញថា បញ្ហាចម្បង គឺការប្រើប្រាស់ល្បឿន និងមិនគោរពច្បាប់។ 

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តថា មិនត្រឹមតែមានការចុះផាកពិន័យអ្នកជិះលើសល្បឿន និងបើកបរដោយស្ថានភាពស្រវឹងនោះទេ មន្រ្តីនគរបាលចរាចរណ៍ក៏នឹងបញ្ចៀបនូវការអប់រំ និងផ្សព្វផ្សាយបន្ថែមពីការប្រើប្រាស់ផ្លូវ និងល្បឿនផងដែរ ហើយលោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នេះ។ 

 ជាការកត់សម្គាល់ ការចាប់ផ្តើមដាក់មន្រ្តីនគរបាលចរាចរណ៍ដើម្បីបាញ់ល្បឿន និងផ្លុំជាតិអាល់កុល នៅលើផ្លូវ ៦០ម៉ែត្រនេះ គឺធ្វើឡើង ស្របពេលដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់បានកើតឡើង និងបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិត ដោយសារការមិនគោរពច្បាប់ និងផឹកស្រវឹងហើយបើកបរ និងស្របពេលដែលមានប្រជាពលរដ្ឋជាច្រើនបានបង្ហាញនូវការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួននៅពេលបើកបរលើដងផ្លូវ ៦០ម៉ែត្រនេះ។ 

សូមជម្រាបថា មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់ នៅលើផ្លូវ៦០ម៉ែត្រ និងបានទាញការចាប់អារម្មណ៍ខ្លាំងពីសាធារណជន។ ជាក់ស្តែងដូចជា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តដែលបណ្តាលឱ្យតារារ៉េបឈ្មោះ ដាវីឌ ឬទ្ធិរុទ្រ ហៅ RUTH KO បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ 

រំលងបាន ៤ថ្ងៃ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងអាណោចអាធមមួយទៀតបានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែមករា នៅលើដងផ្លូវនេះ ដោយរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបានរចង្កូត ទៅបុកក្រុមគ្រួសារមួយកំពុងជិះម៉ូតូមានគ្នា ៤នាក់ បណ្តាលឱ្យឪពុកនិងកូនតូចៗប្រុសស្រីចំនួន ២នាក់ស្លាប់បាត់បង់ជីវិត និងប្រពន្ធរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។ 

ចំណែកនៅព្រលប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ ក៏មានគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត បានកើតឡើងនៅតាមបណ្តាយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រវាងរថយន្ដ Ford Ranger និងម៉ូតូ បណ្តាលឱ្យភាគីជនរងគ្រោះខាងម៉ូតូ ដែលបើកបរដោយបុរសម្នាក់បានស្លាប់ភា្លមៗនៅកន្លែងកើតហេតុ៕