
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញឆ្លៀតសួរសុខទុក្ខ និងពិនិត្យការរៀបចំបំពាក់សម្ភារៈបរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ស្ថិតនៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យ តំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
មណ្ឌលសុខភាពប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង មានផ្ទៃដីទំហំ បណ្តោយ ៣០០ម៉ែត្រ និងទទឹង ២០០ម៉ែត្រ ចំនួន ៣ អគារ រួមមាន៖ ១) អគារសង្រ្គោះបឋម និងជំងឺទូទៅ ១ខ្នង មាន ១៩បន្ទាប់ ២) អគារសម្ពព និងរោគស្រ្តី មាន ៩បន្ទប់ និង៣)អគារអន្តេវាសិក (អគារស្នាក់នៅ) មានកម្ពស់ ២ជាន់ មានចំនួន ២០បន្ទប់។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានឆ្លៀតសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលដែលបម្រើការងារនៅមណ្ឌលសុខភាពប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ដើម្បីផ្តល់ជាការលើកទឹកចិត្ត និងជំរុញការបម្រើសេវាសុខាភិបាលជូនប្រជាជននៅតំបន់នោះ ជាពិសេសបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារយុទ្ធជន ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំបន្ថែមដល់មន្រ្តីរាជការនៃមណ្ឌលសុខភាព ដោយត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ថែម ការប្រើប្រាស់ម៉ាស៊ីន X-RAY និងម៉ាស៊ីនអេកូ ព្រមទាំងសូមចូលរួមថែទាំសម្ភារៈបរិក្ខាពេទ្យប្រើឱ្យបានគង់វង្សយូអង្វែង។
