
ក្រុងព្រះសីហនុ៖ យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រុងព្រះសីហនុ បានចាញ់បោក បុគ្គលម្នាក់ឈ្មោះ ខ្មៅ ដែលពេលខ្លះគេឃើញ ស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីបរិស្ថាន និងពេលខ្លះស្លៀកពាក់ឯកសណ្ឋានមន្រ្តីអភិរក្ស ក្រោមល្បិចប្រមូលលុយក្នុង ១គ្រួសារ អស់ខ្ទង់ពាន់ដុល្លារ ដើម្បីទិញដី ប៉ុន្តែរហូតមកពេលនេះបុគ្គលឈ្មោះ ខ្មៅ បានគេចខ្លួនបាត់ស្រមោលឈឹងតែម្តង ។
បើតាមការរៀបរាប់របស់លោកស្រី នួន ខេម មានអាយុ៦២ឆ្នាំ ជាប្រជាពលរដ្ឋរងគ្រោះ ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិតាអឺង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានប្រាប់អ្នកយកព័ត៌មានយើងកាលពីសប្តាហ៍មុនថា ក្នុងអំឡុងឆ្នាំ២០២៣ កន្លងទៅមានបុរសម្នាក់ឈ្មោះ ខ្មៅ ដែលគេឃើញស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីបរិស្ថាន និងពេលខ្លះស្លៀកពាក់ជាមន្រ្តីអភិរក្ស តែងតែមកអង្គុយលេងនៅក្នុងភូមិនិងបាននិយាយលេងជាមួយពួកគាត់បង្ហាញនូវភាពស្និទ្ធស្នាល និងបានលួងលោមអូសទាញឲ្យពួកគាត់ទិញដីក្នុងតម្លៃធូរៗថ្លៃ ហើយដីនោះបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលកំពុងតែឈូសឆាយសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ។
លោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថាបុគ្គលឈ្មោះ ខ្មៅ បាននិយាយលួងលោមថា រូបគេមានការអាណិតអាសូរគ្រួសាររបស់លោកស្រី ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតដែលគ្មានដីរស់នៅ ប៉ុន្តែក្នុងនោះគេបានប្រាប់ថា សុំឲ្យបងប្អូនប្រជាពលរដ្ឋជូនជាសាគុណម្នាក់៥០០ដុល្លារ ដល់រូបគេនោះ និងទទួលបានដីទំហំ ៥គុណនិង២០ម៉ែត្រ ដែលដីនោះមានទីតាំងស្ថិតនៅក្រោយរោងចក្រញ៉ូវស៊ីន ក្នុងសង្កាត់១ ក្រុងព្រះសីហនុ ជាប់នឹងទីស្នាក់ការបរិស្ថានតែម្ដង។ ដោយសារតែការជឿទុកចិត្តទៅលើបុគ្គលឈ្មោះខ្មៅ លោកស្រីនិងពលរដ្ឋជាង ១០គ្រួសារផ្សេងទៀត ក៏បានសម្រេចប្រគល់ប្រាក់ឲ្យបុគ្គលឈ្មោះខ្មៅ ដែលក្នុងនោះមានគ្រួសារខ្លះយក ១ឡូត៍ និងគ្រួសារខ្លះទៀតយកច្រើនឡូត៍ទៅតាមទំហំដីលុះពេលទទួលបានលុយគ្រប់ចំនួនស្រាប់តែបុគ្គលឈ្មោះ ខ្មៅ នេះបានដាក់មេប្រូចបាត់ ស្រមោលឈឹងរហូតមកដល់សព្វថ្ងៃនេះតែម្តង ។
បន្ថែមពីនេះលោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា លោកស្រីបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ សង្កាត់លេខ១ រួចហើយតាំងពីឆ្នាំ ២០២៣ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់បានទទួលដំណឹងអ្វីពីប៉ុស្តិ៍នគរបាល សង្កាត់១ នោះទេ។
ដូច្នេះមានតែសំណូមពរដល់ប្រព័ន្ធផ្សព្វផ្សាយសូមជួយផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ ដើម្បីឲ្យបានជ្រាបនិងជួយស្វែងរកជនឆបោកខាងលើនេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ស្រដៀងគ្នានេះដែរ លោកស្រី ផល តារា ជាប្រជាពលរដ្ឋរស់នៅ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ក៏បានរៀបរាប់ឲ្យដឹងដែរថាលោកស្រី ក៏ដូចជាប្រជាពលរដ្ឋជាង ១០គ្រួសារផ្សេងទៀត ពិតជាបានរងគ្រោះដោយការចាញ់បោកបុគ្គលឈ្មោះខ្មៅខាងលើពិតប្រាកដមែន និងស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយស្វែងរកមុខជនឆបោកខាងលើមកដោះ ស្រាយតាមច្បាប់ឲ្យខាងតែបាន។
ជុំវិញរឿងរ៉ាវខាងលើនេះ លោក សុំ គៀរ៉ាវុធ មេប៉ុស្តិ៍សង្កាត់លេខ១ បានបញ្ជាក់ឲ្យដឹងកាលពីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ថាពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលប្ដឹងបុគ្គលឈ្មោះ ខ្មៅ កន្លងមកលោកបានបញ្ជូនរឿងនេះទៅថ្នាក់លើនឹងមានចំណាត់ការពីថ្នាក់ខេត្តបានបញ្ជាឲ្យរកមុខបុគ្គលនេះផងដែរ ប៉ុន្តែរកមិនឃើញដោយបុគ្គលរូបនេះបានគេចខ្លួនបាត់មិនដឹងថាទៅដល់ទីណានោះទេ។
ជាមួយគ្នានោះលោក ម៉ឹងង សុភាព ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានឲ្យដឹង នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ តាមប្រព័ន្ធតេលេក្រាម ដោយបានបញ្ជាក់ថា បុគ្គលឈ្មោះខ្មៅ ដែលតែងតែស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីអភិរក្សនិងជាមន្ត្រីបរិស្ថានផងនោះ គឺពុំមែនជាមន្ត្រីបរិស្ថានពិតប្រាកដនោះទេ។
ដោយឡែកបុគ្គលឈ្មោះខ្មៅដែលត្រូវបានប្រជាពលរដ្ឋប្ដឹងពាក់ព័ន្ធករណីឆបោកលក់ដីខ្យល់ខាងលើនេះ អ្នកយកព័ត៌មាន ទូរទស្សន៍ MSJ TV យើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេដោយសារទូរស័ព្ធចូល ជាច្រើនលើកច្រើនសារប៉ុន្តែគ្មានអ្នកលើកទទួល យ៉ាងណាក៏ដោយក្រុមការងារយើង នៅតែបន្តរងចាំការបំភ្លឺពីបុគ្គលឈ្មោះខ្មៅរៀងរាល់ម៉ោងធ្វើការ ។
