2025-01-20 10:52
127

សៀមរាប៖ កម្មវិធីប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២ បានប្រព្រឹត្តទៅនៅលើស្ពានហាលនៃប្រាសាទអង្គរវត្ត ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ យូណេស្កូ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នេះ ត្រូវបានបញ្ចប់ដោយឱឡារិកបំផុត។

សំណេរអង្គរលើកទី២ ក្រោមប្រធានបទ៖ «សៀមរាប-អង្គរ គឺជារតនសម្បត្តិវប្បធម៌សេដ្ឋកិច្ច» ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយភាគីពាក់ព័ន្ធជាច្រើនរួមមាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា មូលនិធិ ម៉ានី រដ្ឋបាលខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប។ 

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីរបស់មហាជនបច្ចុប្បន្ន ជាពិសេសយុវជនឱ្យស្រឡាញ់ ថែរក្សា និងលើកស្ទួយអក្សរសាស្ត្រជាតិខ្មែរ។

សូមជម្រាបថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២ មានបេក្ខជនសរុបចំនួន ១២២០ ក្នុងនោះមានព្រះសង្ឃចំនួន ៨២ អង្គ។ 

បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ។ 

ចំពោះម្ចាស់ជ័យលាភីចំនួន ០៦នាក់ ដែល ០៣ នាក់ សម្រាប់បេក្ខជនអាយុចាប់ពី ១៩ឆ្នាំឡើង និង ០៣ នាក់ សម្រាប់បេក្ខជនអាយុចាប់ពី ១៨ឆ្នាំចុះក្រោម។

គួរបញ្ជាក់ថា សំណេរអង្គរ បានរៀបចំជាលើកដំបូង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់សាធារណជនគ្រប់មជ្ឈដ្ឋានដែលព្រឹត្តិការណ៍នេះ បានជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានអង្គរ ក៏ដូចជាការផ្សារភ្ជាប់ទៅនឹងវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា៕