2025-01-19 11:12
128

ខេត្តប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តប៉ៃលិន ឯកឧត្ដម អ៊ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានមានប្រសាសន៍ និងវាយតម្លៃខ្ពស់អំពីលទ្ធផលនៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តក្នុងការថែរក្សាសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ 

សមិទ្ធផលនានាដែលរដ្ឋបាលខេត្តក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធសម្រេចបាននាឆ្នាំកន្លងមកក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាបានល្អប្រសើ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ពិធីនេះមានការអញ្ជើញចូលរួមឯកឧត្តម ប្រធាន-សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ្នកតំណាងរាស្ត្រ លោកជំទាវអភិបាលខេត្ត ប្រធានមន្ទីរ-អង្គភាព និងមន្ត្រីរាជការប្រមាណជាង៣០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ដែលជាការចូលរួមចំណែកធ្វើឲ្យខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូលធានារក្សាបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមាន បង្កលក្ខណៈសម្បត្តិដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសំដៅកសាងសង្គមកម្ពុជាយើង ឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាពឈានទៅសម្រេចឲ្យ

បាននូវចក្ខុវិស័យប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ខាងមុខ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា៕ ដោយ÷ស សារឿន