
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិបានធ្វើការបង្ហាញអត្តសញ្ញាណជនជាតិកូរ៉េ ដែលជាឃាតករសម្លាប់នារីខ្មែរនៅសណ្ឋាគារ «Home Chic» ក្នុងខណ្ឌបឹងកេងកង។
នគរបាលព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នេះ បានឲ្យដឹងថា ជនសង្ស័យជាឃាតករស្លាប់នារីខ្មែរ មានឈ្មោះ LEE TAISIK ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិកូរ៉េ។
នគរបាលបានឲ្យដឹងទៀតថា បុរសជាឃាតករ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៩និង៣០នាទី ត្រង់ចំណុច ផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣និង១០នាទី នៅចំណុច សណ្ឋាគារ ហូម ឈីក (Home Chic) អគារលេខ១៧ បន្ទប់លេខ ២១១ ជាន់ទី២ តាមផ្លូវលេខ ២៨២ ក្នុងភូមិ០៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីឃាតកម្ម កើតឡើងទៅលើជនរងគ្រោះឈ្មោះ យីម ពេជ្រដាលិស ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្ដាលនិងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងជាម្ចាស់ករណី កសាងសំណុំរឿងតាមនីតិវិធីបន្ត៕
