2025-01-18 20:53
227

ភ្នំពេញ៖ ករណីឃាតករសម្លាប់នារីខ្មែរម្នាក់ ញាត់ចូលក្រោមគ្រែ ក្នុងបន្ទប់សណ្ឋាគារ យីហោ «HOME CHIC» បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី១៧ ខែមករា គិតដល់រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នេះ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិកូរ៉េ ដើម្បីសាកសួរតាមនិតិវិធី។ 

បុរជាជនល្មើសជាជនជាតិកូរ៉េ ដែលសង្ស័យបានសម្លាប់នារីខ្មែរ ត្រូវបានចាប់ខ្លូន នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់បន្តទៀត។  ចំពោះមូលហេតុឈានដល់ការសម្លាប់នារីរងគ្រោះ មិនទាន់មានការបញ្ជាក់នៅឡើយ ព្រោះសមត្ថកិច្ចកំពុងតែសាកសួរយ៉ាងយកចិត្តទុកដាក់ និងលម្អិតបំផុត ជុំវិញអំពើឃាតកម្មនេះ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នារីជនជាតិខ្មែរ មានអាយុជាង ២០ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្រោមគ្រែ ក្នុងសណ្ឋាគារ «HOME CHIC» ជាន់ទី២ បន្ទប់លេខ ២១១ ស្ថិតតាមផ្លូវ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមការបញ្ជាក់ថា បានឱ្យដឹងថា ២ថ្ងៃមុនកើតហេតុ នារីរងគ្រោះបានចូលមកស្នាក់នៅសណ្ឋាគារ ០២នាក់ បុរសជនជាតិបរទេស និងក្រោយមកក៏មានអំពើឃាតកម្មនេះតែម្តង៕