
លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកព័ត៌មាន ត្រូវរួបរួមគ្នាបំពេញភារកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ និងប្តេជ្ញាការពារ និងថែរក្សាសុខសន្តិភាព ឱ្យបានស្ថិតស្ថេរគង់វង្សផងដែរ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល០១ថ្ងៃពេញ គោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពលើការងារផ្សព្វផ្សាយ និងការចងបណ្តាញក្រុមការងារព័ត៌មាន និងសាធារណមតិក្នុងកម្រិតខេត្ត ដល់ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្នុងខេត្តកំពត។
លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានថ្លែងថា៖ «ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ គឺចាំបាច់ទាមទារនូវឆន្ទៈ និងសកម្មភាពរួមគ្នាជាធ្លុងមួយ និងត្រូវបន្តអនុវត្តនូវគោលការណ៍កម្លាំងសរុប និងមធ្យោបាយសរុប ដែលជាគ្រឹះ នៃការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងការបំពេញភារកិច្ចលើការងារគ្រប់គ្រងព័ត៌មាន និងសតិអារម្មណ៍របស់សាធារណជន ដើម្បីធានាឱ្យបាននូវប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃការងារ និងជាកត្តាកំណត់ជោគជ័យ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងរួមគ្នាឱ្យបានសកម្មក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត បានលឿនរហ័ស និងទាន់ពេលវេលា បន្សាបទៅលើព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុងជះឥទ្ធិពលដល់នយោបាយ សេដ្ឋកិច្ច និងសង្គម ជាពិសេស គឺជម្រុញកិច្ចសហការឱ្យបានកាន់តែប្រសើររវាងមន្ត្រីទទួលបន្ទុកការងារព័ត៌មាននៅមូលដ្ឋាន ជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋាន»។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ក្នុងរយៈពេលជាង១ឆ្នាំ កន្លងមកនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពការងារ គ.ស.ព.ស. បានសហការរៀបចំដាក់ឱ្យដំណើរការនូវក្រុមការងារព័ត៌មាន និងសាធារណមតិ ដែលមានសមាសភាព មន្ត្រី ចំនួន ០៥ រូប នៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ដែលក្រុមមន្ត្រីទាំង៥រូប ដើរតួនាទីដ៏សំខាន់ជាសេនាធិការបន្ថែម ដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់លើការងារព័ត៌មាន និងសាធារណមតិ ដោយអនុវត្តន៍តាមអភិក្រមបុរេសកម្ម (Pro-active Approach) ក៏ដូចជាការចងក្រងបណ្តាញធ្វើការងារឱ្យមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយ ស្របតាមគោលការណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់ការ មានប្រភពច្បាស់លាស់ ឆ្លើយតបនិងបន្សាបព័ត៌មានក្លែងក្លាយ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា»។
លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា «ក្រៅពីការស្វែងយល់កាន់តែច្បាស់អំពីតួនាទីភារកិច្ច និងរបៀបរបបការងារ សិក្ខាកាមទាំងអស់ប្រាកដជាទទួលបាននូវចំណេះដឹងយ៉ាងច្រើន និងជាក់ស្ដែង ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជាពិសេសការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាមួយនេះ សម្រាប់គោលដៅបម្រើឱ្យការបំពេញការងារប្រចាំថ្ងៃ និងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ តាមរយៈការផ្សាយព័ត៌មានពិតបានលឿនរហ័ស និងដល់គោលដៅ»។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗពីថ្នាក់ដឹកនាំដែលប្រឡូកក្នុងកិច្ចការព័ត៌មាននិងសាធារណមតិ រួមចំណែកក្នុងការចែករំលែកនូវបទពិសោធន៍លើវិស័យព័ត៌មាន ដោយបានបង្ហាញនូវគន្លឹះនៃការផ្តល់ព័ត៌មាន មូលដ្ឋានគ្រឹះនៃការសរសេរអត្ថបទ ការងារឆ្លើយតប ចំណេះដឹងពីការវិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), សារៈសំខាន់ ផលប៉ះពាល់ និងគ្រោះថ្នាក់នៃ AI និងព័ត៌មានក្លែងក្លាយ, របៀបកាត់តវីដេអូក្នុងទូរសព្ទស្មាតហ្វូន និងការរៀបចំចងក្រងបណ្តាញសម្រាប់បម្រើដល់ការងារព័ត៌មានជាប្រព័ន្ធតួអង្គតែមួយផងដែរ។
នាឱកាសនេះ បិទវគ្គបណ្តុះបណ្តាល ស្ដីពី «ការពង្រឹងការងារព័ត៌មាន និងសាធារណមតិ» ក៏មានការចូលរួមពីសំណាក់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, លោក ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស, លោក ថេង ច័ន្ទសង្វារ , លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាសមាជិក (គ.ស.ព.ស.), លោក ទេព អស្នារិទ្ធ ប្រធានលេខាធិការដ្ឋាន ( គ.ស.ព.ស.), លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំអភិបាលរង ជាក្រុមការងារទទួលបន្ទុកព័ត៌មានមកពីខេត្តព្រះសីហនុ កែប និងកោះកុង ព្រមទាំងលោក លោកស្រី ក្រុមយុវជនសកម្មជនអ្នកប្រើប្រាស់បណ្តាញសង្គម និងមន្ត្រីព័ត៌មាន នៅក្នុងខេត្តកំពត សរុបចំនួន ៣៥០ នាក់ ផងដែរ។
មុននឹងបញ្ចប់វគ្គបណ្តុះបណ្តាល លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានផ្ដាំផ្ញើដល់សិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិទាំងអស់ នៅក្នុងខេត្តកំពត ត្រូវប្រើប្រាស់បណ្តាញសង្គម និងការតាមដានព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗ ឱ្យអស់លទ្ធភាព ធ្វើការដោយស្មារតីបុរេសកម្ម និងបង្កើនល្បឿននៃការផ្សព្វផ្សាយ ល្បឿននៃការប្រតិកម្មឱ្យបានទាន់ពេលវេលា។ វគ្គបណ្តុះបណ្តាលបានបិទបញ្ចប់នារសៀលថ្ងៃដដែលនេះ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរៈបំផុត៕




