2025-01-18 17:03
182

បាត់ដំបង៖ ដោយប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រុមក្រឡាហោមមនុស្សធម៌ ដឹកនាំដោយ លោក ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មការមហាផ្ទៃការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណ:កម្មការទី៤) និង លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនព្រមទាំងក្រុមការងារបាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ១១៥ គ្រួសារ នៅភូមិនិគមក្រៅ ឃុំនិគមក្រៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក ច័ន្ទ សុផល និងលោក ខាន់ ម៉ាណេរ បានជម្រាបជូនប្រជាពលរដ្ឋអំពីការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាជូនចំពោះប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តបាត់ដំបងដែលបានគាំទ្រការដឹកនាំរាជរដ្ឋាភិបាល និងចូលរួមថែរក្សាការពារសុខសន្តិភាព។ 

បន្ថែមលើនេះ អ្នកតំណាងរាស្ត្រទាំង០២រូប ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យខិតខំបង្កបង្កើនផលដើម្បីបង្កើនជីវភាពគ្រួសារ ថែរក្សាសុខភាព ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ឱ្យបានជាអតិបរមា និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ មានទាំងគុណធម៌និងក្រមសីលធម៌។ 

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋទាំង ១១៥ គ្រួសារ គឺក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ១ ការ៉ុង, មី ១ កេស, ត្រីខ ១ យួរ, ទឹកស៊ីអ៉ីវ ទឹកត្រី ១ យួរ, ទឹកបរិសុទ្ធ ២ យួរ និងកន្សែងពោះគោ១ផងដែរ៕