
ភ្នំពេញ៖ ម្ចាស់គម្រោង បុរី ម៉ន ដានី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅច្រកព្រំដែនអន្តរជាតិ អូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការក្រុងភ្នំពេញ ពាក់ព័ន្ធករណីចេញសែកគ្មានទឹកប្រាក់ (សែកស្អុយ) ប្រមាណ ៦០ ម៉ឺនដុល្លារ ខណៈវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជាវិញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា លោកស្រី ម៉ន ដានី ម្ចាស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត ក្រោយការចាប់ខ្លួនកម្លាំងមានសមត្ថកិច្ចជំនាញបានបញ្ជូនទៅតុលាការរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ២រសៀល នាថ្ងៃសុក្រ ទី១៧ ខែកមរា ឆ្នាំ២០២៥ ម្សិលមិញនេះ ពាក់ព័ន្ធទៅនឹងការចេញសែកស្អុយ។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានចេញដីកាបង្គាប់ឱ្យនាំខ្លួន លោកស្រី ម៉ន ដានី អាយុ ៣៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ៖ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ដោយយោងទៅតាមដីកា សន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
នាពេលកន្លងមក លោកស្រី ម៉ន ដានី ត្រូវបានលោក លិ សុខា ចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឱ្យចូលខ្លួនដើម្បីមកបំភ្លឺជុំវិញ បណ្តឹងចោទប្រកាន់ករណីចេញសែកស្អុយនេះ ចំនួន ០៣ លើក ប៉ុន្តែជនត្រូវចោទរូបនេះ មិនបានចូលទៅបង្ហាញខ្លួនតាមកាលកំណត់របស់តុលាការនោះឡើយ ទើបឈានដល់ចេញដីកាបង្គាប់ឱ្យនាំខ្លួនតែម្តង។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំធ្លាប់បានសេចក្តីជូនដំណឹងពាក់ព័ន្ធករណីគម្រោងបុរី ម៉ន ដានី ផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា «មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារបានរងគ្រោះពីគម្រោងអភិវឌ្ឍន៍ដីឡូត៍ បុរី និងលំនៅឋានរបស់ ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត ឯ.ក។
ក្នុងនោះមានទាំងម្ចាស់ដីដែលបានលក់ដីឱ្យក្រុមហ៊ុន អតិថិជនរបស់ក្រុមហ៊ុនផ្ទាល់ដែលបានបង់ប្រាក់ផ្តាច់និងបង់រំលស់ផងដែរ។
ក្រោយមានបញ្ហាហិរញ្ញវត្ថុស្វាមីរបស់អ្នកស្រី ម៉ន ដានី ជនជាតិថៃ និងជាអ្នកជំនួញធំម្នាក់ បានប្រកាសលែងលះជាមួយលោកស្រី ធ្វើឱ្យក្រុមហ៊ុននេះកាន់តែដុនដាប់ជាបន្តបន្ទាប់ រហូតចេញសែកស្អុយមិនទទួលខុសត្រូវ ទើបសមត្ថកិច្ចចាប់ខ្លួនអនុវត្តតាមផ្លូវច្បាប់តាមបណ្តឹងជនរងគ្រោះជាម្ចាស់ប្រាក់៕

