
ភ្នំពេញ៖ យុវជនពិការភាពគ្មានដៃទាំងគូពីកំណើត ដោយឆ្លងកាត់ជីវិតតស៊ូ ការលំបាកគ្រប់រស់ជាតិ និងមានជំនាញប្រើប្រាស់ជើង ដើម្បីគូរគំនូររកកម្រៃសម្រាប់ចិញ្ចឹមជីវិតនិងមានភរិយាកំពុងពពោះ៤ខែ មានភ័ព្វវាសនាទទួលបានការជួយជ្រោមជ្រែងពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតបានផ្តល់នូវផ្ទះមួយល្វែង ក្នុងខណ្ឌព្រែកព្នៅ ព្រមទាំងឱ្យថវិកាមួយចំនួនដើម្បីយកផ្តត់ផ្គង់ជីវិភាពប្រចាំថ្ងៃ។
អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ត្រូវបានអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាំយកប្រគល់ជូននាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នេះ ជាមួយគ្នានេះ លោក ឃួង ស្រេង បានឱ្យយុវជនពិការដៃមានទេពកោសល្យជ្រើសកន្លែងណាមួយសមស្របក្នុងការប្រកបមុខរបរប្រចាំថ្ងៃផងដែរ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ផ្ទះមួយល្វែងដល់យុវជនពិកាដៃទាំងពីរ និងភរិយា ក្នុងភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រួមទាំងថវិការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតចំនួន ៣ លានរៀលបន្ថែមទៀត ជូនយុវជនពិការដៃទាំងសងខាង ដែលមានទេពកោសល្យ ប្រើជើងគូរគំនូរ តាមទីតាំងសាធារណៈយកកម្រៃផ្គត់ផ្គង់ជីវភាព។
ក្រៅពីជំនាញគូរគំនូរដោយប្រើជើង យុវជនរូបនេះមានជំនាញជួសជុលគ្រឿងអេឡិចត្រូនិកដូចជា ទូរសព្ទ និងកុំព្យូទ័រ ជាដើមក្នុងមួយថ្ងៃអាចរកចំណូលបានចន្លោះ៤ទៅ៥ម៉ឺនរៀលផងដែរ។
យុវជនពិកាដៃទាំងគូរដែលមានភ័ព្វវាសនាទទួលបានការជួយឧបត្ថម្ភពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាំវបណ្ឌិតនោះ មានឈ្មោះ សល់ សុខចាន់ ពិការដៃទាំង២តាំងពីកំណើត មានភរិយាកំពុងមានផ្ទៃពោះ៤ខែ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានជីវភាពខ្វះខាតតែម្តង។
នាឱកាសអញ្ជើញជួបសំណេះសំណាល់ផ្ទាល់ និងបានចំណាយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមើលការគូរគំនូរផ្ទាល់របស់ប្អូនប្រុសពិការ នៅបរិវេនវត្តភ្នំ និងបានផ្តល់ជំរើសដល់ប្អូនប្រុសក្នុងការជ្រើសរើសទៅទីតាំងណាមួយដែលយល់ថាល្អ ដើម្បីរកចំណូលប្រចាំថ្ងៃ ដោយគ្រាន់តែជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរក៏បាន និងបានណែនាំឲ្យរៀបចំចុះឈ្មោះសមាជិក ប.ស.ស. ជូនប្អូន និងប្រពន្ធផងដែរ។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា «ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានយកចិត្តទុកដាក់ ជាពិសេសទៅលើជនពិការ ខណៈប្អូនប្រុសមានសមត្ថភាព មានទេពកុសល្យក្នុងការគូររូប ធ្វើជាមុខរបរចិញ្ចឹមជីវិតដោយខ្លួនឯង។
សម្តេចធិបតី តែងបានណែនាំ និងក្នុងនាមអាជ្ញាធរត្រូវមកមើលនិងរៀបចំបង្កលក្ខណៈងាយស្រួលដល់ប្អូនប្រុសដើម្បីអាចប្រកបមុខរបរអាជីវកម្មបាន។
អភិបាលរាជរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់សប្បុរសជនដែលមានសន្តានចិត្តចង់ជួយឧបត្ថម្ភដល់ប្អូនប្រុសពិការទោះតិចក្តី ឬច្រើនក្តីសូមចូលរួមគាំទ្រដល់ប្អូនប្រុសតាមរយៈគាំទ្រដល់ការគូររូបរបស់ប្អូនប្រុស ឬអាចផ្តល់ឱកាសការងារជូនគាត់ជាដើម៕
