
ភ្នំពេញ៖ ការដុតផាវ កំជ្រួចផ្ទុះលម្អគ្រប់ប្រភេទក្នុងការរៀបចំកម្មវិធីប្រពៃណី សាសនា តាមទំនៀមទម្លាប់បុរាណ និងសម័យថ្មី ដែលមានលក្ខណៈជាឯកជន ជាក្រុមគ្រួសារ ឬលក្ខណៈជាសហគមន៍ ដើម្បីអបអរសាទរ និងកំសាន្តសប្បាយ ឬពិធីបុណ្យបូជាសពជាដើម ត្រូវបានរឹតបន្តឹងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដ៏ល្អប្រសើរក្រោមម្លប់សន្តិភាព។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់រាជធានី-ខេត្តនៅទូទាំងប្រទេស ត្រូវមានវិធានការបង្ការ ទប់ស្កាត់ហានិភ័យនៃការប្រើប្រាស់ផ្អាវ និងកាំជ្រួចផ្ទះលម្អគ្រប់ប្រភេទឲ្យបានល្អប្រសើរ ត្រូវអនុវត្តស្របតាមសេចក្តីកំណត់លេខ ០០១ ស.ក.ណ. ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានកត់សម្គាល់ឃើញថា «ការរៀបចំកម្មវិធី ដែលមានលក្ខណៈជាឯកជន ជាក្រុមគ្រួសារ ឬលក្ខណៈជាសហគមន៍មួយចំនួនបានប្រារព្ធរៀបចំឡើង ដោយមានការដុតផាវ និងអុជកាំជ្រួចផ្ទុះលម្អ ដើម្បីអបអរសាទរ និងកំសាន្តសប្បាយ ឬក៏ដើម្បីកំដរកម្មវិធី ដូចជាពិធីបុណ្យសាសនា តាមប្រពៃណី តាមតំបន់ ពិធីជប់លៀង ពិធីខួបកំណើត ពិធីរៀបអាពាហ៍ពិពាហ៍ ឬ ពិធីបុណ្យបូជាសពជាដើម គឺមានការរៀបចំដុតផាវ ឬកំជ្រួចផ្ទុះលម្អគ្រប់ប្រភេទដើម្បីអបអសារទរ និងកម្សាន្តសប្បាយ...»។
ក្នុងពិធីទាំងអស់នេះ ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា «ការដុតផាវបម្រើឲ្យកម្មវិធី ដូចពោលខាងលើនេះ គឺជាសកម្មភាពខុសច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធដល់ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ រីឯការអុជកាំជ្រួចផ្ទុះលម្អ ថ្វីបើសកម្មភាពនេះ ត្រូវបានអនុញ្ញាតដោយច្បាប់ ប៉ុន្តែករណីខ្លះ បានបង្កហានិភ័យដល់ផ្នែកស្មារតី និងរំខានអារម្មណ៍របស់សាធារណជន ព្រមទាំងអាចបង្កអគ្គិភ័យជាយថាហេតុដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន រហូតបង្កគ្រោះថ្នាក់ដល់រូបរាងកាយ និងអាយុជីវិតមនុស្សផងដែរ»។
ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធដល់ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ក៏ដូចជាការបង្ការទប់ស្កាត់នូវហានិភ័យនានាដែលបណ្តាលមកពីការដុតផាវ ការអុជ កាំជ្រួចផ្ទុះលម្អ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារផលប្រយោជន៍ និងធានាបានបរិយាកាសកក់ក្តៅជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធនិងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ដូចខាងក្រោម ៖
១- អាជ្ញាធរក្នុងមូលដ្ឋាន ត្រូវធ្វើធ្វើការផ្សព្វផ្សាយអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋគ្រប់ ស្រទាប់គ្រប់មជ្ឈដ្ឋាន អំពីទង្វើខុសច្បាប់នៃការផលិត ការនាំចូល ការស្តុកទុក ការចែកចាយ ការដាក់តាំង លក់ និងគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់ ឬដុតផាវគ្រប់ប្រភេទ។
ចំពោះការអុជកាំជ្រួចផ្ទុះលម្អសម្រាប់កម្មវិធីនានា ត្រូវអនុវត្តស្របតាមសេចក្តីកំណត់លេខ ០០១ ស.ក.ណ. ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ការអនុញ្ញាតឲ្យអុជកាំជ្រួចផ្ទុះលម្អ ត្រូវជូនដំណឹងជាមុនដល់សមត្ថកិច្ចពាក់ព័ន្ធនិងសាធារណជនក្នុងភូមិសាស្ត្រសាមីឲ្យបានដឹងអំពីទីតាំង ពេលវេលា និងចំនួនគ្រាប់កាំជ្រួចដែលត្រូវអុជផ្ទុះលម្អក្នុងកម្មវិធី។
២- ខ្លឹមសារនៃការផ្សព្វផ្សាយអប់រំ ត្រូវបញ្ជាបឲ្យបានទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀតតាមរយៈសេចក្តីជូនដំណឹង និង/ឬសេចក្តីណែនាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួននិងតាមរយៈវេទិកាផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ព្រមទាំងនៅតាមទីផ្សារ ទីប្រជុំជន និងទីសាធារណៈ។
៣- អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបន្តឹងការត្រួតពិនិត្យ ឆែកឆេរ តាមគ្រប់ច្រកទ្វារព្រំដែន និងមានផែនការកំណត់គោលដៅល្បាតត្រួតពិនិត្យដើម្បីរកឲ្យឃើញ ធ្វើការរាំងស្កាត់និងបង្ក្រាបឲ្យបានចំពោះការធ្វើចរាចរដោយខុសច្បាប់នូវអាវុធ គ្រឿងផ្ទុះ ផាវ និងកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទ។
៤- ត្រូវធ្វើការណែនាំ និងត្រួតពិនិត្យឲ្យបានម៉ត់ចត់តាមដែនសមត្ថកិច្ចរៀងៗខ្លួន ចំពោះក្រុមហ៊ុន អាជីវកម្មទាំងឡាយណាដែលទទួលបានសិទ្ធិអនុញ្ញាតឲ្យផលិត នាំចូល ផ្គត់ផ្គង់ ចែកចាយ កាំជ្រួចផ្ទុះលម្អ ឲ្យគោរពតាមច្បាប់លិខិតបទដ្ឋានដែលពាក់ព័ន្ធការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ព្រមទាំងអនុវត្ត វិធានការច្បាប់ឲ្យបានតឹងរឹង ម៉ឺងម៉ាត់រាល់អាជីវកម្មដែលអនុវត្តខុសច្បាប់លិខិតបទដ្ឋានដែលពាក់ព័ន្ធ។
អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត ត្រូវចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
