
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី "ភាពជាអ្នកដឹកនាំ និងភាពច្នៃប្រឌិតក្នុងការថែទាំសុខភាព៖ និន្នាការសុខភាពនាថ្ងៃអនាគត និងការកំណត់អាទិភាព"។
នៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានលើកឡើងពីការប្រើប្រាស់ធនធានប្រកបដោយការយកចិត្តទុកដាក់ ពិសេសការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការដើរលើគន្លងនិយាមសាកល។
ឯកឧត្តមសាស្ត្រាចារ្យបានកត់សម្គាល់យកខ្លឹមសារនៃសិក្ខាសាលា សម្រាប់បញ្ជ្រាបទៅកាន់មូលដ្ឋានសុខាភិបាល តាមរយៈការកត់ត្រា និងការចូលរួមបញ្ចេញមតិប្រកបដោយភាពផុសផុល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលបានសហការជាមួយមហាវិទ្យាល័យសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលរបស់យើងដើម្បីបន្តពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ និងបុរេសកម្ម។
ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ជូនដល់អង្គពិធីរួមមានទី១-ការឱបក្រសោបបច្ចេកវិទ្យាយកមកប្រើប្រាស់ (Embrassing Technology) ដែលឧបករណ៍ដូចជាបញ្ញាសិប្បនិម្មិត Telemedicine និង Precision medicine កំពុងតែផ្លាស់ប្តូរការថែទាំព្យាបាលសុខភាព ដោយអ្នកដឹកនាំត្រូវតែស្វែងយល់បន្ថែមដើម្បីធានាឱ្យបានថា បច្ចេកវិទ្យាទាំងនេះ ត្រូវបានប្រើប្រាស់ប្រកបដោយក្រមសីលធម៌ ប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន និងជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីបច្ចេកវិទ្យានេះ មកប្រើប្រាស់ឱ្យអស់លទ្ធភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជានិងសម្រាប់មនុស្សជាតិ។
ទី២- ការផ្តល់អាទិភាពដល់សមធម៌ ដើម្បីឱ្យមាននិរន្តរភាពយូរអង្វែងក្នុងពេលអនាគត យើងត្រូវខិតខំដោះស្រាយបញ្ហាវិសមភាព ក្នុងការទទួលបាននូវសេវាថែទាំ ព្យាបាលសុខភាព និងធានាថា ប្រជាពលរដ្ឋទាំងអស់ទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនទាំងនោះ។
ទី៣- ការកសាងភាពធន់ ដោយអ្នកដឹកនាំត្រូវផ្តល់អាទិភាពដល់សុខុមាលភាពរបស់មន្រ្តីបុគ្គលិកសុខាភិបាល និងរៀបចំនូវប្រព័ន្ធសុខាភិបាលមួយដែលមានភាពធន់ទៅនឹងកត្តាប្រឈមនានាដែលអាចកើតមាននាពេលអនាគត។
ទន្ទឹមនឹងនោះដែរ ការច្នៃប្រឌិត មិនមែនទាមទារត្រឹមតែឧបករណ៍ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែទាមទារនូវផ្នត់គំនិតនៃការកែលម្អជាប្រចាំនិងកិច្ចសហប្រតិបត្តិការគ្នា។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវពាក្យគន្លឹះចំនួន ៤ ជូនដល់អង្គសិក្ខាសាលាថ្ងៃនេះ សម្រាប់វិស័យសុខាភិបាលគឺ ទី១) Leadership ដោយអ្នកដឹកនាំត្រូវមានការពន្យល់ ការចូលរួមមានឆន្ទៈ ការសហការគ្រប់ផ្នែកនិងភាគីពាក់ព័ន្ធ យុទ្ធសាស្រ្តសម្របសម្រួល និងឆ្លើយតបនឹងតម្រូវការពាក់ព័ន្ធជាពិសេសក្រមសីលធម៌ ដល់អ្នកប្រើប្រាស់សេវា។
ទី ២) Innovation ជាការធ្វើទំនើបកម្ម ការស្រាវជ្រាវថ្មីៗ ដើម្បីទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ទី ៣) Future ត្រូវគិតគូរអំពីសុខភាពមនុស្សចាស់ ជំងឺរ៉ាំរ៉ៃ ជំងឺមិនឆ្លង ការគាំពារសង្គម សុខភាពផ្លូវចិត្ត និងត្រៀមលក្ខណៈទប់ស្កាត់ជំងឺឆ្លងនាពេលខាងមុខ និងទី៤) Priority ការរៀប ចំផែនការ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ហិរញ្ញវត្ថុ សម្ភារៈ និងនិរន្តរភាពនាពេលអនាគត ប្រកបដោយសមធម៌និងត្រូវមានទិន្នន័យ ស្ថិតិ តាមបែប Digital Health ជារឿងសំខាន់។
ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្តកិច្ចសហការជាមួយសាកលវិទ្យាល័យជាតិសិង្ហបុរី រហូតឈានដល់ការបង្កើនកិច្ចសហប្រតិបត្តិ ការរវាងប្រទេសនិងប្រទេសដោយត្រូវតម្កល់ជាប្រព័ន្ធ Structure និងនវានុវត្តន៍ដើម្បីចារឹកជាក្បួនខ្នាតទៅអនាគតនូវអ្វីដែលធ្វើបានល្អនិងសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។
សិក្ខាសាលានេះរៀបចំឡើងដោយ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយ សហការជាមួយសាលាសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរីប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋាន មន្ទីរពេទ្យជាតិ វិទ្យាស្ថានជាតិ និងមជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យជាតិសិង្ហបុរី ចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធនិមិត្ត Zoom សរុបជាង ២០០រូប។
