2025-01-16 16:56
113

ខេត្តបាត់ដំបង៖ នាថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួង សុខា ភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញ ចុះទៅ ពិនិត្យស្ថានភាពជាក់ស្តែងក្នុងការឆ្លើយតប នឹងមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ និងជួបប្រជុំជាមួយគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ ខេត្តបាត់ ដំបង ដើម្បីពិនិត្យលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅ ខេត្តបាត់ដំបង ក្នុងការ អនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។ ដែលក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  ឯកឧត្តម សុក ផេង រដ្ឋលេខា ធិការទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ អាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។ 

នៅក្នុងបេសកកម្មរបស់គណៈប្រតិភូអន្តរក្រសួងខាងលើនេះក៏បាន ជួបប្រជុំជាមួយថ្នាក់ដឹកនាំ មន្ទីរ សុខា ភិបាល ខេត្តបាត់ដំបង ប្រធានមន្ទីរពេទ្យបង្អែករកា អភិបាលស្រុកសង្កែ មេឃុំរកា នាយកអនុ វិទ្យាល័យ នាយកសាលាបឋមសិក្សារកា តំណាងអង្គការ HACC អង្គការ CPN អង្គការ CCW អង្គការ CRS អង្គការ FoNPAM និងតំណាងអ្នកផ្ទុកមេរោគអេដស៍ជាច្រើនរូបផងដែរ។ បន្ទាប់មកគណៈប្រតិភូអន្តរក្រសួងក៏បានចុះទៅជួបផ្ទាល់ និងសួរសុខទុក្ខអ្នកផ្ទុក មេរោគ អេដស៍ នៅតាមគេហដ្ឋាន ហើយជាលទ្ធផលបានសង្កេតឃើញថា ពួកគាត់ទាំងនោះបានទៅ ទទួល សេវាថែ ទាំព្យាបាលជំងឺអេដស៍ និងលេបថ្នាំទៀងទាត់ ដែលធ្វើឱ្យពួកគាត់មានសុខភាពល្អ ហើយ មេរោគនៅ ក្នុងខ្លួនមានចំនួនតិចបំផុត និងមិនបានចម្លងមេរោគអេដស៍ទៅដៃគូ ព្រមទាំងកូនៗនោះទេ។ ជាមួយគ្នានោះគណៈប្រតិភូក៏បានជួបប្រជុំជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបាត់ដំបង ដើម្បីពិនិត្យលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅខេត្តបាត់ដំបង ក្នុងការអនុវត្ត គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ផងដែរ។