
ឧត្តមានជ័យ៖ មន្ត្រីជំនាញផ្នែកដោះមីន ក្នុងអង្គភាព CMAC ចំនូន ០២ នាក់ បានស្លាប់យ៉ាងអណោចអាធ័ម ក្នុងឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីនលើដីស្រែចំការរបស់ប្រជាពលេដ្ឋ។
ឧបទ្ទវហេតុផ្ទុះមីនតោននេះ បានកើតមានឡើងនៅវេលាម៉ោង ០៧និង៤៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះ ស្ថិតនៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ។
ដំណឹងមរណភាពនេះ ត្រូវបានបញ្ជាក់ដោយ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅក្នុងសេចក្ដីប្រកាសព័ត៌មាន
ដែលបណ្តាញសារព័ត៌មាន អឹម អេស ជេ ទទួលបាន នារសៀល ថ្ងៃទី១៦ មករានេះ។
តាមការបញ្ជាក់របស់អង្គភាពស៊ីម៉ាក់ បានឲ្យដឹងថា មន្រ្តីជំនាញផ្នែកដោះមីន នួន ០២ នាក់ ប្រចាំទិសឧត្តមានជ័យ ដែលបានរងគ្រោះរួមមាន៖ ទី១- អឿន ចាន់ដារ៉ា ភេទប្រុស មុខរបរ អ្នកដោះមីន(CMAC) និងទី ២- ពៅ នេពីន ភេទប្រុស មុខរបរ អ្នកដោះមីន(CMAC)។
អង្គភាព CMAC បានចាត់ទុកថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសេសសល់ពីសម័យសង្គ្រាម គឺឃាតករលាក់មុខដ៏កំណាចឃោរឃៅបំផុត។ ចំពោះមរណភាពនេះ គឺជាការបាត់បង់មន្ត្រីជំនាញដែលបានចូលរួមលះបង់ក្នុងបុព្វហេតុសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍរបស់ប្រជាជន និងប្រទេសជាតិផងដែរ៕