
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឱ្យដឹងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះថា សត្វតុកកែប្រភេទ Hemiphyllodactylus khpoh ត្រូវបានចាត់ថ្នាក់ ជាប្រភេទថ្មីដោយអ្នកវិទ្យាសាស្រ្តបន្ទាប់ពីបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ (ភ្នំខ្ពស់) ក្នុងភូមិសាស្រ្តនៃខេត្តបាត់ដំបង ប៉ុន្តែមិនទាន់អាចប៉ាន់ស្មានអំពីចំនួនបានឡើយព្រោះអំឡុងពេលស្រាវជ្រាវ រកឃើញតែមួយក្បាលប៉ុណ្ណោះ។
ប្រភេទថ្មីនេះ ត្រូវបានរកឃើញក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅតំបន់ភ្នំថ្មកំបោរ ក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាននិងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វ នៃសាកលវិទ្យាល័យ La Sierra ហើយក្រោយមកប្រភេទនេះត្រូវបានបញ្ជាក់ថា ជាប្រភេទថ្មីចំពោះវិទ្យាសាស្រ្តផ្អែកលើទិន្នន័យផ្នែករូបសាស្រ្ត និងម៉ូលេគុល ក៏ដូចជាភាពខុសពីប្រភេទតុកកែដទៃផ្សេងទៀតក្នុងអំបូរតែមួយ។
តុកកែប្រភេទ Hemiphyllodactylus ដែលត្រូវបានប្រទះឃើញក្នុងអំឡុងពេលស្រាវជ្រាវនេះមានតែមួយក្បាលប៉ុណ្ណោះ ដែលមានការពិបាកក្នុងការប៉ាន់ស្មានអំពីចំនួនឬស្ថានភាពអភិរក្សរបស់ប្រភេទនេះ៕
