2025-01-16 13:29
157

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីល្ងាចថ្ងៃទី១៥ ខែមករា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវស្រែប្រាំង» បានថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ទន់ពិសេស ដោយបញ្ចេញសាច់ប្រាក់ចំនួន ០៥ លើក ទ្រទ្រង់លើវិស័យដាំស្រូវទាំងមូល ដើម្បីឱ្យមានការអភិវឌ្ឍន៍និងឱ្យមានស្ថេរភាពតម្លៃផងដែរ។ 

លោកបណ្ឌិត កៅ ថាច បានឱ្យដឹងទៀតថា៖ «ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើរតួនាទីជាអ្នកបញ្ចេញសាច់ប្រាក់ ដើម្បីធ្វើការអភិវឌ្ឍន៍លើវិស័យស្រូវអង្ករគិតដល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទ បានទម្លាក់លុយចូលទៅក្នុងវិស័យស្រូវអង្ករប្រមាណជាង ២០៨ លានដុល្លារ ក្នុងនោះមានទន់វិនិយោគតែប្រមាណ ៣០ លានដុល្លារប៉ុណ្ណោះ ក្រៅពីនោះសុទ្ធតែជាទន់បង្វិល»។

លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានបញ្ជាក់ថា៖ «ដោយសារស្ថានភាពស្រូវមិនល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ បានសម្រេចទម្លាក់ថវិកាចំនួន ៣០ លានដុល្លារអាម៉េរិកបន្ថែមទៀតដើម្បីដោះបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះ ខណៈថវិកានេះបានទៅដល់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មហើយ ដើម្បីបញ្ចេញទិញស្រូវពីប្រជាកសិករតែម្តង»។ 

លោកបានបន្ថែមទៀតថា៖ «រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះវិស័យកសិកម្ម ជាពិសេសទៅលើជីវភាពរបស់ប្រជាករសិករមានលំនឹង ដើម្បីកុំឱ្យជីវភាពរបស់ប្រជាពលរដ្ឋធ្លាក់ក្រោមភាពក្រីក្រ ឬក្រោមក្រីក្រតិចតួច»។សូមជម្រាបថា ការសម្រេចទម្លាក់ថវិកាចំនួន ៣០ លានដុល្លារអាម៉េរិកបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺបានធ្វើឡើងបន្ទាប់ពីតម្លៃស្រូវប្រភេទអូអឹម (OM) ដែលជាពូជមកពីប្រទេសវៀតណាម មានការធ្លាក់ចុះយ៉ាងគំហុក បង្កឱ្យមានការតវ៉ាបិទផ្លូវជាតិលេខ ៥ នៅខេត្តបាត់ដំបង ខណៈប្រជាកសិករធ្វើស្រែប្រាំងនៅតាមបណ្ដាខេត្តមួយចំនួនទៀត ក៏កំពុងជួបការលំបាកលើការទម្លាក់តម្លៃជាបន្តបន្ទាប់ពីសំណាក់ក្រុមឈ្មួញកណ្តាល ដែលបានចុះទិញស្រូវប្រភេទអូអឹមនេះ នាំយកទៅលក់បន្តនៅប្រទេសវៀតណាម ស្របពេលដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ ក៏កំពុងធ្លាក់ចុះនូវឱនភាពនៃតម្លៃស្រូវរបស់ខ្លួនលើទីផ្សារអន្តរជាតិផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងកំឡុងពេលស្រូវអូអឹមរបស់វៀតណាមដែលកំពុងធ្លាក់ថ្លៃនេះ ក្រៅពីការទម្លាក់ថវិកាជួយអន្តរាគមន៍បន្ថែម ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រសួងកសិកម្មជាសេនាធិការផ្ទាល់ បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យងាកមករួមគ្នា បង្កើតសហគមន៍កសិកម្មទំនើបតាមតំបន់របស់ខ្លួន ដើម្បីដាំពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា តួយ៉ាងដូចជា ពូជស្រូវសែនក្រអូប ដែលមិនព្រួយបារម្ភរឿងហានិភ័យលើទីផ្សារ៕