
ពោធិ៍សាត់៖ ស្ត្រីម្នាក់ត្រូវបុរសជាប្តីដែលមានចិត្តតិរិច្ឆាន វាយរហូតដល់ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអធម៌ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១ និង ២០នាទី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅក្នុងភូមិខ្សាច់ល្អិត ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមលោក មោគ ភារម្យ អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ស្រ្តីរងគ្រោះដែលត្រូវប្តីវាយស្លាប់ខាងលើនេះមានឈ្មោះ បឿ លឿម អាយុ ៣៥ឆ្នាំ ចំណែកជនដៃដល់ជាប្តីមានឈ្មោះសាំង ស៊ុន អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
យោងតាមការបំភ្លឺពីឈ្មោះបឿ លាង ភេទស្រី អាយុ ៣៣ឆ្នាំ ត្រូវជាប្អូនស្រីស្រ្តីរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង១១ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ជនសង្ស័យដែលត្រូវជាបងថ្លៃបានទូរស័ព្ទមកប្រាប់ថារូបគេបានជ្រុលដៃវ៉ៃប្រពន្ធសន្លប់បាត់ហើយ គ្រាន់តែលឺដូច្នេះខ្លួននិងប្ដីក៏បាននាំគ្នាជិះម៉ូតូទៅដល់ផ្ទះបងស្រី ឃើញមុខបងស្រីហើមខៀវហើយក៏បាននាំគ្នាដឹកបញ្ជួនទៅកាន់មណ្ឌលសុខភាព ឃុំអន្សាចំបក់ដើម្បីសង្គ្រោះ ប៉ុន្តែនៅពេលទៅដល់ក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ពាក់ព័ន្ធទៅនិងករណីនេះជនសង្ស័យ បានឆ្លើយសារភាពថាមុនពេលកើតហេតុប្រពន្ធរបស់ខ្លួនបាន ទៅចូលរួមកម្មវិធីសែនក្បាលស្រែ នៅចំណុចខាងកើតអ្នកតាអក រហូតដល់ម៉ោងប្រហែល២០ និង៣០នាទី ទើបខ្លួនទៅយកប្រពន្ធមកផ្ទះវិញ លុះពេលមកដល់ផ្ទះ ប្រពន្ធរបស់ខ្លួនក៏បានហូបបាយរួច ក៏ចង់មុងដេកពេលកំពុងដេកក៏ចាប់ផ្ដើមមាន ទំនាស់ពាក្យសម្ដីជាមួយគ្នា ដោយប្រពន្ធរបស់ខ្លួនបាននិយាយថា បើឯងមានស្រីខ្ញុំក៏មាន ប្រុសដែរ ដោយសារតែលឺពាក្យប្រពន្ធនិយាយបែបនេះជា ហេតុធ្វើឲ្យខ្លួនមានការខឹងសម្បារយ៉ាងខ្លាំងដោយទប់ចិត្តមិនបានក៏ស្ទុះ ងើបទៅវាយប្រពន្ធចំនួន ២ដៃ ត្រូវចំកញ្ចឹងក បណ្ដាលឲ្យសន្លប់ស្តូកស្តឹង ពេលនោះខ្លួនភ័យពេកក៏បានតេទូរសព្ទហៅប្អូនថ្លៃឈ្មោះ បឿ លាង និងប្ដីឈ្មោះ សឹន រ៉ន ឲ្យមកជួយដឹកយកទៅពេទ្យលុះពេលទៅដល់ត្រូវបានក្រុមគ្រូពេទ្យ ប្រាប់ថាប្រពន្ធរបស់ខ្លួនស្លាប់បាត់ទៅហើយទើបពួកខ្លួនបានដឹកសពត្រឡប់មកផ្ទះវិញ។
បច្ចុប្បន្នសពស្រ្តីរងគ្រោះ ត្រូវបានក្រុមគ្រួសារកំពុងរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
