2025-01-16 11:42
130

បន្ទាយមានជ័យ៖ នារីស្រស់សោភាដូចតារាម្នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនយកមកសាកសួរតាមនិតិវិធីពាក់ព័ន្ធករណីលួចលុយបន្តិចម្តងៗ អស់ជាច្រើនខែទើបបែកការមើលឃើញតាមរយះកាម៉ារ៉ាសុវត្ថិភាពក៏សរុបទឹកប្រាក់បាត់អស់ប្រមាណជាង ១ម៉ឺនដុល្លារ ទើបម្ចាស់លុយប្តឹងអាវុធហត្ថឱ្យជួយរកយុត្តិធម៌ ប៉ុន្តែស្ត្រីរូបនេះ បដិសេដមិនទទួលស្គាល់ឡើយទោះបីជាមានភស្តុតាងគ្រប់គ្រាន់ក៏ដោយ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ដើមបណ្តឹងមានឈ្មោះ នឿន វន្នី ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានបញ្ជាក់ក្នុងពាក្យបណ្តឹងថា៖ ខ្លួនបានស្គាល់ និងរាប់អានគ្នាជាមួយឈ្មោះ ឡម ចិន្ដា អស់រយ:ពេលជាងមួយឆ្នាំកន្លងមកហើយ។ 

ដំបូងឡើយស្ត្រីឈ្មោះ ឡម ចិន្ដា ជាអ្នកលក់ផលិតឡេលាបខ្លួនតាមអនឡាញ ខ្លួនបានទិញឡេយកប្រើប្រាស់ផ្តើមពីម៉ូទិញឡេរហូតបានក្លាយជាមិត្តសំឡាញ់រាប់អានគ្នាដូចបងប្អូនបង្កើត និងចេញចូលផ្ទះរបស់គាត់តាមចិត្ត ព្រមទាំងធ្លាប់បានដើរលេងកម្សាន្តជាមួយគ្នាជាញឹកញាប់ផងដែរ។

តាមបណ្តឹងបានឱ្យដឹងថាទៀតថា មានថ្ងៃមួយពួកគេនាំគ្នាដើរលេង និងផ្ញើរកាបូបប្រាក់ឱ្យឈ្មោះ ឡម ចិន្ដា កាន់ព្រោះខ្លួនចូលបន្ទប់ទឹក និងបានបាត់ប្រាក់ ៥ទៅ ៦ពាន់បាត ប៉ុន្តែមិនចាប់អារម្មណ៍ទេ គ្រាន់តែមានការសង្ស័យ  រហូតដល់កំឡុងខែកញ្ញា ឆ្នាំ២០២៤ ស្រាប់តែឈ្មោះ ឡម ចិន្ដា មកសុំលក់កាហ្វេនៅមុខតូបលក់ឥវ៉ាន់ ព្រមទាំងសន្យាជួយលក់ឥវ៉ាន់ឲ្យខ្លួនដោយមិនគិតថ្លៃឈ្នួល បន្ទាប់មកខ្លួនក៏សម្រេចចិត្តឲ្យលក់ជាមួយដោយគិតថាជាអ្នករាប់អានគ្នាផង លុះដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្លួនបានយកប្រាក់ ចំនួន ១.០០០ ដុល្លារ និងប្រាក់ថៃ ចំនួន ១ ០០០ បាត មកដាក់ក្នុងថតតុគិតលុយនៅក្នុងតូបលក់ឥវ៉ាន់ដើម្បីទុកសងថ្លៃអីវ៉ាន់ លុះដល់ខ្លួនបើកថតតុដើម្បីយកលុយនោះ ស្រាប់តែបាត់អស់រលីង និងសួរទៅឈ្មោះ ឡម ចិន្ដា ពេលនោះគេឆ្លើយថាមិនដឹងដោយគ្មានផស្តុតាងក៏ស្ងាត់ទៅ។

តាមជនរងគ្រោះបានរៀបរាប់ទៀតថា មានពេលមួយឈ្មោះ ឡម ចិន្ដា បានបបួលដើរលេងនៅក្រុងប៉ោយប៉ែត ក្រោយត្រឡប់មកវិញដល់ស្អែកឡើងមិនឃើញឈ្មោះ ឡម ចិន្ដា មកលក់កាហ្វេនៅមុខតូបរបស់ខ្លួនទៀតទេ ដោយមានការសង្ស័យខ្លួនបានឆែកមើលកាមេរ៉ាសុវត្ថិភាពស្រាប់តែឃើញឈ្មោះ ឡម ចិន្ដា ធ្វើសកម្មភាពលួចយកប្រាក់របស់ខ្លួនដែលទុកក្នុងថតតុនៅក្នុងផ្ទះជាប្រចាំសរុបជាប្រាក់ដែលបាត់អស់ប្រហែល ១ម៉ឺនដុល្លា ទើបខ្លួនមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។ 

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹង និងមានភស្ដុតាង រូបភាពពីវីដេអូកាមេរ៉ាសុវត្ថិភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើពាក្យស្នើសុំបើកការស៊ើបអង្កេតទៅតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ 

បន្ទប់ពីទទួលបានដីកាសម្រេចឲ្យបើកការស៊ើបអង្កេតបឋមលេខ ០៨.អ.យ.ក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ របស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តកម្លាំងជំនាញកងរាជអាវុធហត្ថក្រុង បានធ្វើការកោះហៅឈ្មោះ ឡម ចិន្ដា ភេទស្រី អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចូលមកឆ្លើយបំភ្លឺ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ អំពីដំណើររឿងខាងលើ។ក្នុងដំណើរសាកសួរដំណាក់មន្ត្រីនគរបាលយុត្តិធម៌ ស្រីស្អាតលក់ឡេ ឈ្មោះ ឡម ចិន្ដា បានឆ្លើយបដិសេធថា ខ្លួនមិនដែលបានប្រព្រឹត្តដូចមានក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពនិងការចោទប្រកាន់របស់ដើមបណ្តឹងឡើយ។ 

លោកវរសេនីយ៍ត្រី សុខ ឡេង បានឲ្យដឹងទៀតថា «ទោះបីឈ្មោះ ឡម ចិន្ដា មិនទទួលស្គាល់លើភស្ដុតាងរូបថតកាមេរ៉ាសុវត្ថិភាពក៏ដោយ កម្លាំងជំនាញរបស់ខ្លួនបានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនិតិវិធី»។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តបានឲ្យដឹងថា៖ «ការឃាត់ខ្លួនស្ត្រីខាងលើនេះ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនិតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ»។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕