2025-01-16 08:48
122

ភ្នំពេញ៖ សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា បានវិលទៅរកស្ថានភាពដូចមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩។ 

នេះជាការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

សូមជម្រាបថា ពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃ ពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ 

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីនៃក្រសួងទាំងពីរ បានប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍និងការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងព័ត៌មានក្លែងក្លាយ» សំដៅបង្ការ ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ផ្តល់សុវត្ថិភាព និងភាពជឿជាក់ដល់សាធារណជននិងទេសចរអន្តរជាតិដែលមានបំណងមកទស្សនាកម្សាន្តនៅកម្ពុជា ក៏ដូចជាទាក់ទាញទេសចរមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកបង្ហាញពីសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ហើយតាមរយៈកិច្ចការងារសំខាន់ៗនានាជាច្រើនដែលបានដាក់ចេញ។ 

ឯកឧត្តមរដ្ឋមន្ត្រី ស្នើដល់អ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រ ប្រធានបទរបស់ក្រសួងទេសចរណ៍គឺ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” និង “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងព័ត៌មានក្លែងក្លាយ”៕