2025-01-16 08:41
133

ភ្នំពេញ៖ នៅរសៀលថ្ងៃ ពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនគណៈប្រតិភូបណ្ដាញមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ នៅខណ្ឌពោធិ៍សែនជ័យ ដើម្បីសិក្សាទៅលើការអនុវត្តសាកល្បងដំណើរការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Health-CR Link) ដោយមានការជូនដំណឹងពីប្រព័ន្ធជូនដំណឹងរបស់មូលដ្ឋានសុខាភិបាល។

ដំណើរទស្សនកិច្ចសិក្សានេះ ប្រព្រឹត្តទៅនៅមណ្ឌលសុខភាពសាមគ្គី និងសាលាសង្កាត់ត្រពាំងក្រសាំង ដែលអញ្ជើញចូលរួមពីតំណាងប្រតិភូមកពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ១១ ប្រទេស និងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងក្រសួងសុខាភិបាល រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងរដ្ឋបាលសង្កាត់ត្រពាំងក្រសាំងប្រមាណ ៧០ រូប។

សូមជម្រាបថា កិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ បានប្រព្រឹត្តនាសណ្ឋាគារ Raffle Le Royal រាជធានីភ្នំពេញ មានរយ:ពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមករា ឆ្នាំ២០២៥ ដែលអញ្ជើញចូលរួមពីតំណាងប្រតិភូមកពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ១១ ប្រទេស តំណាងអង្គការសហប្រជាជាតិ (UN) តំណាងអង្គការ Vital Strategies ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសរុបប្រមាណ ៨០ រូប៕