2025-01-15 17:26
159

កំពត៖ ក្រុមអ្នកក្លាហានមិនញញើតច្បាប់ នាំគ្នារាំកាន់កាំបិតផ្គាក់រាំគ្រវីរួចថតវីដេអូបង្ហោះលើបណ្តាញសង្គមចង់ឌឺនឹងវិធានការក្តៅរបស់សមត្ថកិច្ចក្នុងបង្ក្រាប និងទប់ស្កាត់សកម្មភាពក្រុមក្មេងទំនើង ហាក់ចង់សាកសមត្ថភាពរបស់សមត្ថកិច្ចនគរបាលខេត្តកំពត មានអីត្រឹមតែ២០នាទីប៉ុណ្ណោះ បានធ្វើដំណើរមកដល់អធិការដ្ឋាននគរបាលស្រុកជុំគិរី ដោយសុវត្ថិភាព។

នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះលើបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់លោកថា៖ «មុខដូចភ័យៗម៉េចទេ ពេលរាំនិយាយពីលះដល់ហើយអត់មានគិតដល់ចិត្តពូបន្តិចសោះម៉ង! បានមកដល់អធិការស្រុកជុំគីរីហើយ។ កូនចៅពូលឿនដូចខ្យល់ព្យុះអញ្ចឹងឱ្យតែមានបទល្មើស ជាពិសេសក្រុមដូចក្មួយៗឯងនេះ មិនឱ្យលើស២៤ម៉ោងទេ ឱ្យតែនៅក្នុងខេត្តកំពត»

លោកស្នងការបានសរសរបញ្ជាក់ថា៖ «មកដល់ពេលនេះហើយនៅមានក្មេងព្រហើនបែបនេះទៀត អ្នកថតក៏អត់រួចខ្លួនដែរ! ជួបគ្នាឆាប់ៗនេះ ឪពុកម្តាយប្រដៅលែងបានហើយទុកឱ្យច្បាប់ចាត់ចែងម្តង។ ស្រុកជុំគីរី ២០នាទីមកដល់អធិការស្រុកហើយ ចាំពេលមកដល់ឱ្យក្រុមគាត់រាំម្តងទៀត»

សូមជម្រាបថា ក្មេងទំនើង០១ក្រុម បាននាំគ្នាធ្វើសកម្មភាពប្រដាប់ដោយកាំបិតផ្គាក់ដងវែង រាំគ្រវី និងបានថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមចង់សម្ញែងសមត្ថកិច្ច ប៉ុន្តែក្រោយបង្ហោះវីដេអីសកម្មភាពទំនើងនេះ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពត បានឃើញចេញប្រតិបត្តិការស្រាវជ្រាវឈានដល់កំណត់ទីតាំង និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកជុំគិរី ដើម្បីសាកសួរ និងចាត់ការតាមនិតិវិធ៕