
ខេត្តពោធិ៍សាត់: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ទីរព័ត៌មាន មិនមែនមានតួនាទីត្រឹមតែទៅយកព័ត៌មាន ហើយផ្សព្វផ្សាយព័ត៌មានឲ្យត្រឹមត្រូវតាមវិជ្ជាជីវៈនោះទេ គឺត្រូវចេះគិតអំពីយុទ្ធសាស្ត្រ និងគោលនយោបាយព័ត៌មានសម្រាប់ប្រទេសផងដែរ។
នេះការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាលដែលឯកឧត្តមអញ្ជើញ ជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ នៅសាលប្រជុំនៃមន្ទីរព័ត៌មានខេត្តពោធិសាត់ ជាមួយឯកឧត្តមខូយ វីដា អភិបាលនៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី១៤ ខែមករាឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើមលោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់បានឱ្យដឹងថា ៦ខែចុងឆ្នាំ២០២៤ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានដំណើរការចុះយកព័ត៌មាន ថតរូបភាពយកមកតាក់តែងនិពន្ធចងក្រងអត្ថបទព័ត៌មាន ផលិតកម្មវិធីផ្សេងៗ និងស្ពតអប់រំខ្លីៗដើម្បីផ្សព្វផ្សាយ តាមបណ្ដាញវិទ្យុជាតិ FM98.50Mhz ទូរទស្សន៍ជាតិខេត្តពោធិ៍សាត់ ទូរទស្សន៍ខ្សែកាប្លឯកជននៅក្នុងខេត្តពោធិ៍សាត់ និងបានបញ្ជូនខ្លឹមសារមកវិទ្យុ និងរូបភាពមកទូរទស្សន៍ជាតិកម្ពុជា(ទទក) និងឯកជននៅរាជធានីភ្នំពេញ ឲ្យជួយផ្សព្វផ្សាយផងដែរ។
ទន្ទឹមនឹងនេះមន្ទីរព័ត៌មានខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់ផ្សាយបន្តពីវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា ជាប្រចាំតាមរយៈវិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែរកាម្លិះនៅក្នុងខេត្ត ក្នុងបណ្តាញសង្គមនានាមានជាអាទិ៍ សង្គមហ្វេសប៊ុកផេកមន្ទីរ និងការិយាល័យចំណុះនីមួយៗ យូធូប តេលេក្រាម អ៉ីនស្តាក្រាម តិកតុក គេហទំព័រ បណ្តាញសង្គម X (Twitter) នូវរាល់ព្រឹត្តិការណ៍ និងព័ត៌មាន សំខាន់ៗ ស្ដីពីព្រះរាជសកម្មភាពព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានរាយការណ៍នូវព័ត៌មាន ប្លែកៗទាន់ហេតុការណ៍ និងព្រឹត្តិការណ៍ដែលកើតមានក្នុង ភូមិសាស្ត្រខេត្ត មកក្រសួងបានទាន់ពេលវេលា និងធ្វើការត្រួតពិនិត្យ ជាប្រចាំគ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តផងដែរ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា តាមរយៈការដឹកនាំក្រសួងព័ត៌មានរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា គឺបានផ្តល់ភាពកក់ក្តៅដល់រដ្ឋាភិបាលខេត្តពោធិ៍សាត់ ក្នុងការទប់ស្កាត់ ឆ្លើយតបបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំងមួយក្តាប់តូច ដែលមានមហិច្ឆតាញុះញង់ ដល់ប្រជាពលរដ្ឋនៅតាមូលដ្ឋាន ក្នុងចេតនាបំផ្លាញគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។
ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានបន្តថា សម្រាប់ព័ត៌មានក្លែងក្លាយ ដែលប្រឌិតឡើងដោយក្រុមប្រឆាំងគឺមិនមែនបំផ្លាញលើបុគ្គល ឬនរណាម្នាក់នោះទេ ប៉ុន្តែ វានឹងបំផ្លាញដល់គោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល ខណៈដែលប្រជាពលរដ្ឋកម្ពុជាកំពុងតែទទួលបានផលប្រយោជន៍ឥតគណនាក្រោមដំបូលសុខសន្តិភាព និងដំណើរអភិវឌ្ឍន៍ទៅមុខជាលំដាប់នាពេលនេះ។ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់ភាពកក់ក្តៅ និងកាន់តែមានទំនុកចិត្តដល់អាជ្ញាធរខេត្ត ដែលកំពុងអនុវត្តន៍តួនាទីភារកិច្ចយ៉ាងសកម្មនៅតាមមូលដ្ឋាន […] វិស័យសារព័ត៌មាន គឺមានសារៈសំខាន់បំផុតបើទោះបីអាជ្ញាធរខំធ្វើយ៉ាងណាក៏ដោយ បើគ្មានការផ្សព្វផ្សាយឱ្យទូលំទូលាយក្នុងបណ្តាញសង្គមទេ ការខិតខំប្រឹងប្រែងនេះក៏មិនឆ្លើយតបទៅនឹងអ្វីដែលអាជ្ញាធរបានធ្វើនោះទេ» នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម ខូយ រីដា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងបន្តថា សម្រាប់អាណត្តិទី៧នេះ ក្រសួងព័ត៌មានបានកំណត់នូវចក្ខុវិស័យ ថាក្រសួងនឹងដើរតួនាទីជាសម្លេងរបស់រដ្ឋាភិបាល និងជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកប ដោយបុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព លើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ។
ដោយបច្ចប្បន្ន បដិវត្តន៍នៃការផ្សព្វផ្សាយនៅប្រទេសកម្ពុជា គឺប្រជាពលរដ្ឋបានប្រើប្រាស់ Facebook, TikTok និងប្រព័ន្ធសង្គមផ្សេងៗ ជានិន្នាការនៃមធ្យោបាយក្នុងការទទួលព័ត៌មាន ដែលជះឥទ្ធិពលដល់ប្រព័ន្ធផ្សព្វផ្សព្វបែបបុរាណ ជាក់ស្តែង ស្ថាប័នការសែតធំៗមួយចំនួន ត្រូវបានបិទទ្វារជាបន្តបន្ទាប់។
ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ដល់អង្គភាព-ស្ថាប័នដែលធ្វើការក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន ត្រូវតែអភិវឌ្ឍខ្លួនយ៉ាងណាឲ្យស្របទៅនឹងការវិត្តន៍នៃបច្ចេកវិទ្យា ព័ត៌មាន ក៏ដូចជាគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី័៧ ដែលបានបន្ថែមអាទិភាពថ្មីមួយទៀត គឺបច្ចេកវិទ្យាឌីជីថល ដែលនេះគឺជាការបន្ស៉ាំទៅនឹងការវិវត្តន៍នៃគោលនយោបាយ ការវិវត្តន៍នៃបច្ចេកវិទ្យា និងការវិវត្តនៃសង្គម។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា បាននិងកំពុងជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុច និងបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ចំណុចបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា នៅឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ហើយក្រសួងនិមួយៗត្រូវដឹងអំពីតួនាទី និងកិច្ចការងាររបស់ខ្លួនថាតើត្រូវធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបការងារទាំងនេះ៕ លាន គ្រន