
ភ្នំពេញ៖ សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។
ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ថា៖ «ពីរឆ្នាំជាប់ៗគ្នា ពោលគឺនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ សែនក្រអូប០១ គឺពូជស្រូវកម្ពុជា កំពុងមានហាងឆេងឆ្ពោះទៅកាន់ទីផ្សារពិភពលោកតែម្តង»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ៕