
ភ្នំពេញ៖ អតីតអ្នកញ៉ា ហេង សិទ្ធី ជាអ្នកជំនួញដ៏ល្បីល្បាញ បន្ទាបពីចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ពេលនេះអាជ្ញាធរមានសមត្ថកិច្ចកំពុងរៀបចំបំពេញបែបបទ និងសំណុំឯកសាររួចបញ្ជូនតាមយន្តហោះមកកាន់ប្រទេសកម្ពុជា ដើម្បីសាកសួរ និងមានចំណាត់ការតាមផ្លូវច្បាប់។
ការឈានទៅចាប់ខ្លួនអតីតអ្នកឧកញ៉ារូបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអត្តរជាតិកម្ពុជា ចេញសេចក្តីប្រកាសប្រាប់ទៅស្ថានទូតកម្ពុជាប្រចាំនៅបរទេសទាំងអស់ពីធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ហើយឱ្យជូនដំណឹងពីការធ្វើមោឃភាពលិខិតឆ្លងដែននេះ ទៅកាន់រដ្ឋដែលជាម្ចាស់ផ្ទះទាំងអស់ផងដែរ។
បើតាមក្រសួងការបរទេសកម្ពុជា បានបញ្ជាកថា៖ «ក្រក្រសួងមហាផ្ទៃ បានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតា លេខ NO1309414 របស់ឈ្មោះ ហេង សិទ្ធី (Heng Sithy) ភេទប្រុស កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៨៩ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ១៨០២ ដ.ច.ន ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ពីបទ៖ “គំរាមកំហែងហែកកេរ្តិ៍ មានស្ថានទម្ងន់ទោស” ប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី ការប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់ អតីតឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតអ្នកឧកញ៉ារូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ៖ «គំរាមកំហែងហែកកេរ្តិ៍ មានស្ថានទម្ងន់ទោស»។
សូមជម្រាបបន្ថែមទៀតថា លោក យី សុខវួច ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតអ្នកឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីត្រូវបានចោទពីបទ «គំរាមកំហែងហែកកេរ្តិ៍ មានស្ថានទម្ងន់ទោស» តាមមាត្រា ៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ ហើយអាជ្ញាធរកម្ពុជា ក៏បានស្នើសុំប៉ូលីសអន្តរជាតិអាំងទែប៉ូល (Interpol) ឱ្យដាក់ឈ្មោះអតីតឧកញ៉ារូបនេះ ទៅក្នុងសេចក្តីជូនដំណឹងក្រហម ឬនិវេតក្រហម ដើម្បីតាមចាប់ខ្លួនតែម្តង៕