2025-01-12 16:37
118

ថៃ៖ ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់អតីតសមាជិកសភាគណបក្សប្រឆាំងរបស់កម្ពុជា នៅក្រុងបាងកក កាលពីសប្តាហ៍មុន បានបដិសេធមិនបង្ហាញពីមេគំនិតនៅពីក្រោយឃាតកម្មនេះ ដោយសារការភ័យខ្លាចចំពោះសុវត្ថិភាពគ្រួសាររបស់គាត់។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ិស្តិ៍ នៅថ្ងៃទី១២ ខែមករានេះ។

លោក Pol Maj Gen Atthaporn មេបញ្ជាការនៃកងកម្លាំងនគរបាល បាននិយាយកាលពីថ្ងៃអាទិត្យថា ឈ្មោះ Ekkalak Pheanoi ត្រូវបានសមត្ថកិច្ចសាកសួររហូតដល់ប្រហែលម៉ោង១០យប់ថ្ងៃសៅរ៍ ដោយលោកបានសារភាពថា «ពិតជាបានសម្លាប់ជនជាតិកម្ពុជា ប៉ុន្តែបដិសេធមិនបង្ហាញសញ្ញាណជាមេខ្លោងនៅពីក្រោយការបាញ់សម្លាប់នេះទេ ព្រោះភ័យខ្លាចអំពីសុវត្ថិភាពរបស់ក្រុមគ្រួសារខ្លួន»

យោងតាមមេបញ្ជាការផ្នែកប៉ូលីស អតីតទាហានម៉ារីន អាយុ៤២ឆ្នាំរូបនេះ បានសារភាពថា៖ «ខ្លួនគាត់ គឺជាអ្នកបាញ់ប្រហារសម្លាប់ជនរងគ្រោះឈ្មោះ Lim Kimya នៅស្រុក Phra Nakhon នៃទីក្រុងបាងកក ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារសប្តាហ៍មុន បន្ទាប់ពីព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុ»

លោក Pol Maj Gen Atthaporn បាននិយាយថា៖ «ជនសង្ស័យរូបនេះ គាត់បដិសេធមិនផ្តល់ព័ត៌មានស៊ីជម្រៅទេ ព្រួយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារ និងមិនព្រមជួបសាច់ញាតិ បងប្អូន រួមទាំងម្តាយរបស់គាត់ដែលបានទៅលេងផងដែរ»។ មេបញ្ជាការផ្នែកប៉ូលីសនៅទីក្រុងបាងកក បាននិយាយថា៖ «គាត់បានប្រាប់ម្តាយគាត់តាមទូរសព្ទថា គាត់ចង់ទទួលទណ្ឌកម្មដាក់ពន្ធនាគារ ហើយបន្ទាប់មកបានបញ្ចប់ការហៅទូរសព្ទតែម្ត»

លោក Ekkalak ក៏បដិសេធមិនបង្ហាញអត្តសញ្ញាណអ្នកដែលបានរៀបចំផែនការធ្វើឃាតនោះទេ ហើយលោកក៏មិនមានឆន្ទៈក្នុងការប្រព្រឹត្តបទឧក្រិដ្ឋបែបនេះឡើងវិញ និងមិនស្វែងរកការដោះលែងឱ្យនៅក្រៅឃុំនោះដែរ។ លោក Ekkalak បានសារភាពពីអំពើករណីឃាតកម្មនេះ ដោយគាត់បានប្រាប់ប៉ូលិសថា គាត់មិនចង់នាំបញ្ហាដល់គ្រួសាររបស់គាត់ និងមនុស្សផ្សេងទៀតដែលជិតស្និទ្ធនឹងគាត់នោះទេ»។ បន្ទាប់ពីឃាតកម្មនេះ លោក Ekkalak បានភៀសខ្លួនទៅកាន់ប្រទេសកម្ពុជា ជាកន្លែងដែលគាត់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា កាលពីថ្ងៃពុធ និងធ្វើបត្យាប័នបញ្ជូនទៅកាន់ប្រទេសថៃវិញ កាលពីថ្ងៃសៅរ៍នេះ៕