2025-01-12 16:35
109

ភ្នំពេញ៖ ករណី «ឃាតកម្ម» កម្មករទាញញញួរវាយលើមេការមើលការខុសត្រូវផ្ទះសំណាក់ យីហោ «សុវណ្ណា រីសត» នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិ បំបែកសំណុំរឿងដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រហូតខេត្តសៀមរាប។ 

នគរបាលបាលឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង ០១និង៣០នាទី រំលងអធ្រាត្រមានករណីមនុស្សស្លាប់ នៅចំណុច ផ្ទះសំណាក់ យីហោ «សុវណ្ណា រីសត» ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបង្កឡើងដោយ ជនសង្ស័យឈ្មោះ ពន្លឺ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ជាកម្មករ ផ្ទះសំណាក់ខាងលើ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ថ្លាង ម៉េងលី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាមេការនៅផ្ទះសំណាក់ជាមួយគ្នា។

ក្រោយពីទទួលបានព័ត៌មាន ករណីអំពើឃាតកម្មខាងលើនេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តសៀមរាប ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣និង៣៥នាទី កម្លាំងជំនាញបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យខាងលើ មានឈ្មោះ លុន ភាពន្លឺ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ផ្ទះសំណាក់ ប៊ុន សាយ មណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប។

ជនសង្ស័យ ឈ្មោះ លុន ភាពន្លឺ បានឆ្លើយសារភាពថា៖ «កាលពីថ្ងៃកើតហេតុខ្លួន និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាពាក្យសម្តីគ្នា អំពីបញ្ហារឿងរៀបចំការងារក្នុងផ្ទះសំណាក់ បន្ទាប់មកពេលដែលជនរងគ្រោះបែរខ្នងចេញ ខ្លួនក៏បានទាញញញួរវាយចំក្បាលផ្នែកខាងក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង»។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិ ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាម្ចាស់ករណី កសាងសំណុំរឿងតាមនីតិវិធីបន្ត៕