2024-11-16 12:14
218

កំពង់ស្ពឺ៖ សង្ឃ គ្រហស្ថ រួមទាំងកូនសិស្សជាបរិវា សរុបចំនួន ០៧ អង្គ/នាក់ ត្រូវបានពលរដ្ឋ និងសមត្ថកិច្ចនគរបាលចុះឡោមព័ទ្ធចាប់បានក្រោយពួកគេនាំគ្នាសំងំផឹកស្រា ស៊ីសាច់ ចាក់ភ្លេងកំសាន្ដ នៅក្នុងព្រៃទាំងកណ្ដាលយប់យ៉ាងសប្បាយ ដែលប្រាសចាកពីធម៌វិន័យជាសង្ឃ។

នគរបាលបានឱ្យដឹកថា នៅយប់រំលងអាធាត្រចូលថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា៖ មានករណីក្រុមក្មេងទំនើងនាំគ្នាផឹកស៊ី នៅចំណុចព្រៃពនរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចាក់ធុងបាស់កងរំពង ផ្អើលអស់អារុក្ខអារក្សអ្នកតា និងខ្មោចក្នុងព្រៃដេកពួនអត់បាន កម្លាំងសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះព័ទ្ធចាប់ មានទាំងព្រះសង្ឃទ្រុស្តសីលចូលរួមកម្មវិធីសប្បាយៗនោះផងដែរ។

ការចុះបង្ក្រាបករណីខាងលើក្រោមការណែនាំពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានដឹកនាំកម្លាំងចុះឡោមព័ទ្ធចាប់ខ្លួន សង្ឍ និងគ្រហស្ថ បក្ខពួកបរិវា ចំនួន ០៧ នាក់ ដកហូតម៉ូតូ ចំនួន ០៣ គ្រឿង, ទូរសព្ទដៃ ចំនួន ០៧ គ្រឿង បៀ ០១ហ៊ូ កំរ៉ាល ១ និងធុងទឹកកក ០១ ស្រាបៀរ និងសម្ភារៈជាច្រើនទៀត។

ក្រុមក្មេងទំនើង និងសង្ឍទ្រុស្តសីសប្រព្រឹត្ដខុសវិន័យព្រះពុទ្ធសាសនានាំបរិវាផឹកស្រាក្នុងព្រៃ ដែលត្រូវបានសមត្ថកិច្ចបង្រ្កាបបញ្ជូនទៅការិយាល័យធម្មការស្រុកចាត់ការតាមធម៌វិន័យ រួមមាន៖ ១) សង្ឍឈ្មោះ ប៉ាង គឹមឈៀង ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បន្ដការសិក្សាសាលាពុទ្ធិកសាលាបាលី នៅវត្ដឃ្មួញ រាជធានីភ្នំពេញ។ ២) សង្ឍឈ្មោះ សយ សុភក្រ្ភា អាយុ ២១ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នបន្ដការសិក្សា សាលាពុទ្ធិកសាលាបាលី វត្ដកោះអណ្ដែត រាជធានីភ្នំពេញ។ ៣) សង្ឍឈ្មោះ ម៉ុន វិច្ឆ័យ អាតុ ២៣ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នបន្ដការសិក្សានៅសាលាបាលី វត្ដលង្កា រាជធានីភ្នំពេញ។ 

ចំណែកក្រុមបក្ខពួករបស់សង្ឃទ្រុស្តសីល ទី១) ឈ្មោះ ហុង សៀវជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល (កូនសិស្សលោក)

។ ២) ឈ្មោះ ខុន ខុម ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិស់នៅ ភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្ន ជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលប៊ែលធីអន្តជាតិ សាខា២៦ ព្រែកប្រា។ ៣) ឈ្មោះ ហ៊ូ កញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង បច្ចុប្បន្នរៀននៅវិទ្យាល័យ ប៊ុន រានី ហ៊ុនសែន ចាន់ថ្នាល (កូនសិស្សលោក) និងទី៤) ឈ្មោះ មាស ប៊ុនណា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នធ្វើ CEO គ្រឹះស្ថានសេរីភ័ណ្ឌសាខាកំពង់ស្ពឺ។

បច្ចុប្បន្ន ព្រះសង្ឃទាំង៣អង្គដែលប្រព្រឹត្តខុសធម៌វិន័យ ត្រូវបានប្រគល់ឱ្យមន្ត្រីជំនាញធម្មការ និងមន្ត្រីសង្ឃ ដើម្បីមានចំណាត់ការ រីឯគ្រសហ្ថ ត្រូវបានសមត្ថកិច្ចយកមកសាកសួរ ណែនាំ និងធ្វើកិច្ចសន្យារួចឱ្យវិលត្រឡប់ទៅលំដ្ឋានវិញ ប្រសិនបើកគ្មានពាក់ព័ន្ធបទល្មើសផ្សេងៗ៕