2025-11-17 07:39
8

បាត់ដំបង៖ ក្រុមពលករខ្មែរចំនួន ១៣ នាក់ រួមទាំងស្ត្រី០៦នាក់ និងក្មេងតូច០១នាក់ បានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅយប់ថ្ងៃទី១៥ វិច្ឆិកា ខណៈពួកគេកំពុងធ្វើដំណើរត្រឡប់ពីប្រទេសថៃ មកប្រទេសកំណើតតាមច្រករបៀងជិតព្រំដែនកម្ពុជា-ថៃ ស្ថិតនៅតំបន់ស្វាយចេក ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមការប្រាប់ពីប្រភពមន្ត្រីព្រំដែន ក្រុមពលករទាំងនេះត្រូវបានក្រុមទាហានឈុតខ្មៅរបស់ថៃយ៉ាងតិច៧នាក់ បញ្ឈប់រថយន្ត និងនាំចេញមកសួរនាំ មុនធ្វើអំពើវាយបង្ក្រាបយ៉ាងឃោរឃៅ។ ពលករប្រុសត្រូវបំពានដោយការវាយដំ ទាត់ធាក់ និងអុកដោយស្វ័យកាំភ្លើង បណ្តាលឲ្យរងរបួស។

ជាបន្ទាប់មក ទាហានដដែលបានអូសយកនារីវ័យក្មេងម្នាក់ មានឈ្មោះ ធ.ស.ហ អាយុ ១៨ឆ្នាំ ចេញពីកន្លែងកើតហេតុ ហើយចាប់រំលោភបូកដោយកម្លាំងយោធាចំនួន ០៧ នាក់ ទាំងក្នុងស្ថានភាពគ្មានអំណាចការពារខ្លួនឡើយ។

ក្រោយពេលធ្វើទារុណកម្មពលករទាំងអស់ ក្រុមទាហានបានប្លន់យកលុយប្រមាណ ៦,៥០០ បាត និងទូរសព្ទចំនួន ០៤ គ្រឿង របស់ក្រុមពលករ រួចទើបលែងឲ្យពួកគេបន្តដំណើរឆ្លងអូរព្រំដែនត្រឡប់ចូលដីខ្មែរ។

កម្លាំងនគរបាល និងយោធាការពារព្រំដែនប្រចាំប៉ុស្ដ «ស្វាយចេក» បានទទួលក្រុមពលករខ្មែរទាំង១៣នាក់ ក្នុងកណ្ដាលយប់ ហើយនាំយកទៅប្រគល់ឲ្យក្រុមការងារ «មណ្ឌលទទួលពលករ» ស្រុកកំរៀង ដើម្បីសួរនាំបឋម និងចាត់ចែងជំហានបន្ទាប់។

មន្ត្រីពាក់ព័ន្ធឲ្យដឹងថា ពលករដែលរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព ក្នុងគោលបំណងពិនិត្យ និងព្យាបាលជាបន្ទាន់ដោយការយកចិត្តទុកដាក់ពិសេសដល់នារីរងគ្រោះដែលត្រូវទារុណកម្មផ្លូវភេទ។

ក្រសួង និងអាជ្ញាធរទាក់ទងកំពុងស្រាវជ្រាវបន្តលើករណីនេះ ដើម្បីបញ្ជាក់តួនាទីក្រុមយោធាថៃ និងធានាថាពលករខ្មែរទទួលបានយុត្តិធម៌ពេញលេញ៕