2025-08-27 14:57
14

ថៃ៖     យោងតាមខ្លឹមសារដែលការសែតថៃ The Nation Thailand បានចុះផ្សាយនៅថ្ងៃទី២៧ សីហានេះថា៖  រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត បានបញ្ជាក់ពីសិទ្ធិរបស់ប្រទេសថៃក្នុងការប្រើប្រាស់យន្តហោះចម្បាំង Gripen សម្រាប់ការពារខ្លួន ជំរុញឱ្យភាពតានតឹងរវាងកម្ពុជា និងថៃត្រូវបានបន្ធូរបន្ថយ។

រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក ផាល ចនស៊ុន ( Pål Jonson )  បាននិយាយថា ប្រទេសថៃមានសិទ្ធិស្របច្បាប់ក្នុងប្រតិបត្តិការយន្តហោះចម្បាំង Gripen សម្រាប់ការពារខ្លួនក្រោមច្បាប់អន្តរជាតិ បន្ទាប់ពីស៊ុយអែត និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការបញ្ជាទិញយន្តហោះចម្បាំងប្រភេទ Gripen ចំនួន០៤គ្រឿងបន្ថែមទៀតនាពេលថ្មីៗនេះ ជាមួយនឹងតម្លៃ 550 លានដុល្លារអាមេរិក។ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត បានលើកទឹកចិត្តទាំងថៃ និងកម្ពុជាឲ្យបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ព្រំដែន។

រដ្ឋមន្ត្រីការពារជាតិស៊ុយអែត បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ លោកលើកឡើងថាការប្រើប្រាស់យន្តហោះចម្បាំង Gripen របស់ថៃ គឺគោរពយ៉ាងពេញលេញជាមួយនឹងច្បាប់អន្តរជាតិ ប្រសិនបើប្រទេសថៃប្រកាន់ខ្ជាប់នូវកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន។ លោកបានបន្ថែមថា ការឯកភាពរបស់ស៊ុយអែត ក្នុងការយល់ព្រមលក់សព្វាវុធបន្ថែម  និងឈានដល់ការចុះហត្ថលេខាដោយ Saab លើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ដែលនឹងមានអត្ថប្រយោជន៍សង្គមថៃកាន់តែទូលំទូលាយ ដោយពង្រីកដល់វិស័យអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍ និងវិស័យកសិកម្មផងដែរ។

លោកបានបន្ថែមថាទាក់ទិននឹងស្ថានការណ៍កម្ពុជា-ថៃ ដែលកងទ័ពអាកាសថៃបានដាក់ពង្រាយយន្តហោះ Gripen លោកបានអះអាងពីការគោរពរបស់ប្រទេសស៊ុយអែត ចំពោះប្រតិបត្តិការស្វ័យការពាររបស់ប្រទេសថៃ។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ទាំងប្រទេសថៃ និងកម្ពុជាគួរតែធ្វើការដោះស្រាយដោយសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យគណៈកម្មាធិការសង្កេតការណ៍អាស៊ានចូលរួមតាមដានបទឈប់បាញ់ ក្នុងការជួយកាត់បន្ថយការប្រឈមមុខដាក់គ្នាដោយប្រដាបអាវុធរវាងប្រទេសទាំងពីរ។ 

សូមរំលឹកដែរថាបើយោងតាមកិច្ចព្រមព្រៀងលក់សព្វាវុធរបស់ស៊ុយអែត មុននិងលក់ទៅឲ្យប្រទេសណាមួយនោះ ជាពិសេសពាក់ព័ន្ធនឹងយន្តហោះចម្បាំងត្រូវបានធ្វើឡើងដោយឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់អំពីបញ្ហាសិទ្ធិមនុស្ស និងភូមិសាស្ត្រនយោបាយ។ លក្ខខណ្ឌដ៏តឹងរ៉ឹងដែលទាក់ទងនឹងការលក់យន្តហោះចម្បាំង Gripen ដាក់កម្រិតលើការប្រើប្រាស់របស់វាសម្រាប់គោលបំណងការពារជាតិ តែប៉ុណ្ណោះ គឺមិនមែនប្រើសម្រាប់ឈ្លានពានប្រទេសដទៃនោះឡើយ ដោយអនុលោមតាមច្បាប់អន្តរជាតិ និងស្តង់ដាមនុស្សធម៌។ ប៉ុន្តែកិច្ចព្រមព្រៀងលក់សព្វាវុធរបស់ស៊ុយអែតហាក់បីជាគ្មានប្រសិទ្ធភាពនោះទេ ព្រោះថៃបានប្រើយន្តហោះប្រភេទនេះ ក្នុងការឈ្លានពានកម្ពុជាដោយទម្លាក់គ្រាប់លើតាំងជនស៊ីវិល បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងប្រាសាទព្រះវិហារ ដែលសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាបន្ថែមទៀត។  តែអ្វីដែលហួសចិត្តនោះខណៈដែលថៃ មានមហិច្ឆតាឈ្លានពានលើកម្ពុជាតែបែជា រដ្ឋមន្ត្រីការពារជាតិស៊ុយអែត និយាយថាថៃមានសិទ្ធិស្របច្បាប់ក្នុងប្រតិបត្តិការយន្តហោះចម្បាំង Gripen សម្រាប់ការពារខ្លួនក្រោមច្បាប់អន្តរជាតិក្នុងជម្លោះព្រំដែនជាមួយកម្ពុជាទៅវិញ ។