2025-11-04 18:34
13

ថៃ៖       លោក Natthaphon Nakphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥  បានផ្តល់បទសម្ភាសន៍ជាមួយកាសែតក្នុងស្រុកថៃទាក់ទងនឹងបញ្ហាប្រាសាទតាក្របី   លោកបានបញ្ជាក់ថា ប្រាសាទនេះជារបស់ថៃ។ លោកបន្ថែមថាប្រសិនបើមិនអាចជម្រះបញ្ហាប្រាសាទតាក្របីបានទេថៃនឹងមិនពិភាក្សារឿងផ្សេងទៀតជាមួយកម្ពុជានោះឡើយ ដូចជាការបើកច្រកព្រំដែនជាដើម។

 លោកថាថៃបានប្រាប់កម្ពុជារួចហើយថា បញ្ហាប្រាសាទតាក្របី វាពាក់ព័ន្ធនឹងការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ ទាក់ទងនឹងការប្រើប្រាស់ទីតាំងប្រវត្តិសាស្ត្រជាបន្ទាយយោធា ហើយការដាក់គ្រាប់មីននៅជុំវិញប្រាសាទតាក្របី រំលោភលើអនុសញ្ញាអូតាវ៉ា ថៃមិនទទួលយកទេ។ នេះបើតាមកាសែតថៃ Khaosod ។ 

ប្រាសាទក្របី ក៏ត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌទាំងបួននៃកិច្ចព្រមព្រៀងសន្តិភាពផងដែរ ហើយការបើកច្រកព្រំដែនជាមួយកម្ពុជាលោកមិនទាន់ច្បាស់នៅឡើយទេ មានបញ្ហាជាច្រើនត្រូវតែជម្រះ ទោះបីកម្ពុជាដកកម្លាំងចេញពីប្រាសាទតាក្របីក៏ដោយ។ លោកសង្កត់ធ្ងន់ថា រឿងការបាត់បង់ប្រាសាទតាក្របី ថៃនិងតស៊ូតាំងតាមផ្លូវច្បាប់ជាមួយកម្ពុជា នៅអង្គការអន្តរជាតិ  ដើម្បីទាមទារគ្រប់វិស័យដែលស្ថិតនៅក្នុងអធិបតេយ្យភាពថៃមកវិញ។ លោកនឹងមិនចុះចាញ់ឡើយ ហើយវានឹងមិនបញ្ចប់ទេ ប្រសិនបើយើងមិនទទួលបានប្រាសាទតាក្របីមកវិញនោះ។

លោកបានបញ្ជាក់ថា ជំហានដំបូង គឺការបោសសម្អាតមីន បើមិនដូច្នេះទេ ភាគីផ្សេងទៀតមិនអាចចូលទៅតំបន់នោះដើម្បីប្រតិបត្តិការបានទេ លុះដល់ថ្ងៃទី១៧ ខែវិច្ឆិកា បន្ទាប់ពីបោសសម្អាតមីន រយៈពេលប្រហែលមួយខែ នឹងធ្វើការវាស់វែងបង្គោលព្រំដែនបណ្តោះអាសន្ន។ ក្នុងកិច្ចប្រជុំ GBC លោកបានពិភាក្សាជាមួយកម្ពុជាថា ផ្នែកដែលយើងមិនអាចឯកភាពគ្នាអាចនឹងត្រូវពន្យារពេលសម្រាប់សកម្មភាពបន្តទៀត៕