2025-08-27 11:08
16

ថៃ៖  រន្ធត់ណាស់! ព្យុះត្រូពិចកំណាច Kajiki បានកំពុងតែវាយលុកដោយជំនន់ទឹកភ្លៀង បង្កឲ្យមានការរអិលបាកដី នៅទន្លេរផៃ ( Pai )  ស្រុកចំនួន៣រងផលប៉ះពាល់  ស្រុកមឿង ( Mueang )  ស្រុកឃុនយាម ( Khun Yuam  ) និងស្រុកប៉ាងម៉ាផា ក្នុងខេត្តម៉ែហុងសុន ( Hong Son )  ភាគពាយ័ព្យនៃប្រទេសថៃ បណ្ដាលឲ្យផ្ទះសំបែងបាក់រំលំ ស្ពានត្រូវបានកាត់ផ្តាច់ និងទ្រព្យសម្បត្តិរបស់ពលរដ្ឋរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងអ្នកទេសចរណ៍ចំនួន៥នាក់ រួមទាំងមគ្គុទ្ទេសក៍ ត្រូវជាប់នៅក្នុងរូងភ្នំ បន្ទាប់ពីកម្រិតទឹកហូរហក់ឡើងយ៉ាងគំហុក ប៉ុន្តែពួកគេត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ សមាគមសង្គ្រោះរួមម៉ែហុងសុន ( Mae Hong Son ) បានសម្របសម្រួលជាមួយមន្ទីរពេទ្យឃុនយ៉ាំ ដើម្បីបញ្ជូនក្រុមគ្រូពេទ្យទៅ ជួយសង្រ្កោះជនរងគ្រោះ ប៉ុន្តែជួបផលលំបាកខ្លាំង ដោយសារតែមិនអាចទៅដល់ទីតាំងកើតហេតុបាន ព្រោះផ្លូវត្រូវបានកាត់ផ្តាច់ទាំងស្រុង ហើយពលរដ្ឋនៅទីនោះក៏មិនអាចជម្លៀសចេញទៅកាន់ទីទួលសុវត្តិភាពបន្ថែមទៀត ។

ដោយឡែកនៅស្រុកប៉ាងម៉ាផា ជំនន់ទឹកភ្លៀងបានវាយប្រហារស្រុកមួយនេះ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកពេញមួយថ្ងៃ បណ្តាលជន់លិចដីប្រាសាទ Wat Pha Mon ក្នុងឃុំថាំលុត ( Tham Lod  )  បណ្ដាលឱ្យគុដព្រះសង្ឃមួយខ្នងដួលរលំ ហើយចំណតរថយន្តរងការខូចខាតដោយសារការហូរច្រោះបេតុង និងដួលរលំ បណ្តាលមកពីព្យុះទីហ្វុង Kajiki  ។ 

គ្រោះធម្មជាតិបាក់ដីយ៉ាងធ្ងន់ធ្ងរនេះបានឆក់យកអាយុជីវិតមនុស្សចំនួនម្នាក់ និងបាត់ខ្លួនក្មេងស្រីអាយុ១២ឆ្នាំម្នាក់  ដោយឡែកមនុស្ស១០នាក់ទៀតបានរងរបួស រួមទាំងបំផ្លិចបំផ្លាញផ្ទះ៧ខ្នង ស្ថិតនៅភូមិប៉ាងអ៊ុង ឃុំមេសឿក ស្រុកមេចែម ខេត្តឈៀងម៉ៃ នៅវេលាម៉ោង២ និង៥០នាទីទៀបភ្លឺ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ៕