2025-08-26 09:54
22

ញូវយ៉ក៖ កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់វិធានការដែលមិនធ្លាប់មានពីមុនមក ក្នុងការបណ្តេញលោកស្រី Lisa Cook ជាស្ត្រីជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកដំបូងគេ ដែលបម្រើការជាអ្នកគ្រប់គ្រងធនាគារកណ្ដាលសហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់ពីបញ្ហាខុសច្បាប់ក្នុងការខ្ចីប្រាក់។

តាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី២៦ សីហា នេះបានឲ្យដឹងថា លោកប្រធានាធិបតីបានអំពាវនាវឱ្យ លោកស្រី Cook លាលែងពីតំណែង កាលពីថ្ងៃទី២០ ខែសីហា កន្លងទៅ បន្ទាប់ពី លោក William Pulte នាយកទីភ្នាក់ងារហិរញ្ញវត្ថុ ដែលត្រូវបានតែងតាំងដោយលោក Trump បានចោទប្រកាន់លោកស្រីថា យកផ្ទះពីរ (ដែលមានបំណុលធនាគារ) មកអះអាងថា ផ្ទះទាំងពីរនេះសុទ្ធតែជាលំនៅដ្ឋានរបស់លោកស្រី។ 

ពាក់ព័ន្ធករណីនេះ ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា ពួកគេកំពុងពិនិត្យមើលលើបញ្ហានេះ។

"ខ្ញុំបានកំណត់ថា មានហេតុផលគ្រប់គ្រាន់ ដើម្បីដកអ្នកចេញពីមុខតំណែងរបស់អ្នក" Trump បាននិយាយនៅក្នុងសំបុត្រមួយទៅកាន់ លោកស្រី Cook ដែលបានបង្ហោះនៅលើ Truth Social platform របស់គាត់។

ចំពោះការបង្ហោះរបស់ ត្រាំ លោកស្រី Cook បានបដិសេធជុំវិញការចោទប្រកាន់នេះ និងបាននិយាយថា "ខ្ញុំកំពុងប្រមូលព័ត៌មានត្រឹមត្រូវដើម្បីឆ្លើយសំណួរស្របច្បាប់ណាមួយ និងផ្តល់ការពិត។"

គួរឲ្យដឹងថា លោកស្រី Cook ត្រូវបានតែងតាំងជាក្រុមប្រឹក្សាភិបាលរបស់ Fed ដោយអតីតប្រធានាធិបតី Joe Biden ក្នុងឆ្នាំ២០២២។ ហើយបើតាមការស្រាវជ្រាវបានឲ្យដឹងថា លោកស្រីបានយកប្រាក់កម្ចីខុសច្បាប់តាំងពីឆ្នាំ២០២១ អំឡុងពេលដែលលោកស្រីនៅជានិស្សិតមកម្ល៉េះ។ 

យោងតាមទម្រង់នៃការបង្ហាញហិរញ្ញវត្ថុផ្លូវការសម្រាប់ឆ្នាំ២០២៤ បង្ហាញថា មានបញ្ជីកម្ចីទិញផ្ទះចំនួនបីដែលកាន់កាប់ដោយ លោកស្រី Cook ដោយក្នុងនោះមានពីរបានចុះបញ្ជីជាលំនៅដ្ឋានផ្ទាល់ខ្លួនរបស់លោកស្រីរួចទៅហើយ៕