
វៀតណាម៖ យោងតាមសារព័ត៌មាន BBC បានចេញផ្សាយថា៖ ព្យុះទីហ្វុងកាជីគី នៅព្រឹកថ្ងៃទី ២៥ ខែ សីហានេះ បានផ្តើមវាយប្រហារចូលដល់ប្រទេសវៀតណាម ដោយព្យុះនេះកំពុងបក់បោកក្នុងល្បឿន166 គីឡូម៉ែត្រ ក្នុងមួយម៉ោង ( ស្មើរនិង103 ម៉ាយក្នុងមួយម៉ោង ) ហើយវៀតណាមបានបញ្ជាឱ្យជម្លៀសមនុស្សជាង ៥៨៦.០០០នាក់ (៥សែន៨ម៉ឺន៦ពាន់នាក់ ) ទៅទីទួលមានសុវត្តិភាព ហើយខេត្តរងការវាយប្រហារដោយព្យុះកំណាចនេះមានខេត្ត៖ ថាញ់ ហ្វា ( Thanh Hoa ) , ហ្វឿង ទ្រី ( Quang Tri) , ហឿង ( Hue ) និងដាណាង ( Da Nang )។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបង្ខំចិត្តលុបចោលជើងហោះហើរជាបណ្តោះអាសន្ន ខណៈព្យុះកំណាចនេះកំពុងបោកបក់កាត់ហៃណានក្នុងប្រទេសចិន ហើយរដ្ឋាភិបាលវៀតណាមបានព្រមានថា ព្យុះនេះគឺគ្រោះថ្នាក់បំផុត នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដីភ្លាមៗដែលអាចកើតមានក្នុងរយៈមួយរំពេច ។
រដ្ឋាភិបាលវៀតណាមសម្ដែងក្ដីបារម្ភអំពើព្យុះទីហ្វុងដ៏សាហាវនេះអាចបំផ្លិចបំផ្លាញវាយប្រហារដូចជាព្យុះ Yagi កាលពីខែកញ្ញាឆ្នាំមុន សម្លាប់មនុស្សជាង300នាក់ នៅក្នុងប្រទេសវៀតណាម និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិចំនួន ៣.៣ ពាន់លានដុល្លារអាម៉េរិក។


