2025-08-25 14:30
14

អ៊ីស្រាអែលបានបំផ្លាញអគារជាង 1,000 ទាំងស្រុងនៅក្នុងសង្កាត់ Zeitoun និង Sabra នៃទីក្រុង Gaza ។ ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ការបាញ់ផ្លោងជាបន្តបន្ទាប់ និងការបិទផ្លូវចូលរបស់អ៊ីស្រាអែលក្នុង Gazaកំពុងរារាំងប្រតិបត្តិការជួយសង្គ្រោះ និងជំនួយជាច្រើននៅក្នុងតំបន់នេះ។

ក្រសួងការពារជនស៊ីវិលបាននិយាយថា មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្តការលុកលុយរបស់កងកម្លាំងអ៊ីស្រាអែលចូលទៅក្នុងទីក្រុង Gaza ខណៈដែលមិនមានភាគីទី៣ ណាមួយលូកដៃចូលដើម្បីដោះស្រាយ ជាមួយនឹងភាពតានតឹងនៃការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនេះនោះទេ។

ម្យ៉ាងវិញទៀតនៅ Gaza Strip ពេលនេះ មិនមានតំបន់ណាមួយសុវត្ថិភាពនោះទេ មិនថានៅភាគខាងជើង ឬភាគខាងត្បូង ដោយសារតែការបាញ់ផ្លោងនៅតែបន្តសំដៅទៅលើជនស៊ីវិលនៅក្នុងផ្ទះ ទីជម្រក និងសូម្បីតែនៅក្នុងជំរុំភៀសខ្លួនរបស់ពួកគេ។

តាមការចេញផ្សាយដោយ Al Jazeera បានឲ្យដឹងថា រថក្រោះអ៊ីស្រាអែលបាននិងកំពុងវិលចូលទៅក្នុងសង្កាត់ Sabra ខណៈដែលអ៊ីស្រាអែលបានផ្លាស់ទីដើម្បីកាន់កាប់ទីក្រុង Gaza ទាំងស្រុង ដោយបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនជិត 1 លាននាក់នៅទីនោះទៅភាគខាងត្បូង។

ការអះអាងរបស់មេធាវីការពារជនស៊ីវិល ហាក់ដូចជាបញ្ជាក់ពីការភ័យខ្លាចថា អ៊ីស្រាអែលគ្រោងនឹងកម្ទេចទីក្រុង Gaza ទាំងស្រុង ដូចដែលមេដឹកនាំប្រទេសនេះ បានប្រកាស ថាអាចមានគោលបំណងដកប្រជាជនប៉ាឡេស្ទីនទាំងអស់ចេញពីហ្គាហ្សា និងចង់កាន់កាប់តំបន់នេះទាំងស្រុង៕