2025-08-23 14:37
39

សេអ៊ូល៖ កូរ៉េខាងជើងបាននិយាយនៅថ្ងៃសៅរ៍នេះថា កាលពីថ្ងៃអង្គារយោធាកូរ៉េខាងត្បូងបានបាញ់ព្រមាន នៅតំបន់ព្រំដែនរវាងកូរ៉េទាំងពីរ និងបានហៅសកម្មភាពនេះថាជាការបង្កហេតុដោយចេតនា នេះបើយោងតាមការចេញផ្សាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ។

កូរ៉េខាងជើងក៏បានបន្តថា ការផ្សាយព្រមានពីយោធាកូរ៉េខាងត្បូងក្នុងតំបន់ព្រំដែនកំពុងកើនឡើង។

កាលពីឆ្នាំមុន កូរ៉េខាងជើងបានសាងសង់របាំងនៅតាមព្រំដែនចន្លោះរវាងកងកម្លាំងកូរ៉េទាំងពីរ ខណៈបង្កឲ្យមានការបំផ្ទុះផ្លូវអន្តរកូរ៉េ និងផ្លូវដែកថែមទៀតផង។ 

យោងតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ៍ឯក Ko Jong Chol អនុប្រធានអគ្គសេនាធិការកងទ័ពកូរ៉េខាងជើងថា កូរ៉េខាងជើងនឹង "ចាត់វិធានការឆ្លើយតប" សម្រាប់ការរារាំងណាមួយចំពោះគម្រោងសាងសង់របាំង ហើយ "មិនទទួលខុសត្រូវចំពោះផលវិបាកធ្ងន់ធ្ងរ" ប្រសិនបើការព្រមានកម្រិតខ្ពស់នៅក្នុងតំបន់ព្រំដែនមិនត្រូវបានអើពើនៅពេលអនាគត។

ឆ្លើយតបនឹងការថ្លែងការណ៍ខាងលើ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា ទាហានកូរ៉េខាងជើងមួយចំនួននៅក្នុងតំបន់ព្រំដែនបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធារវាងកូរ៉េទាំងពីរ ហើយយោធាកូរ៉េខាងត្បូងបានបាញ់ព្រមាន ទើបក្រោយមកទាហានកូរ៉េខាងជើងបានផ្លាស់ប្តូរទៅភាគខាងជើងនៃខ្សែបន្ទាត់វិញ៕