2025-08-23 14:34
38

ថៃ៖ ស្ពានអាកាសថៃ មិនទាន់ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលមានតម្លៃរហូតដល់៧លានបាត បានបាក់ស្រុតធ្នឹមបេតុងភ្លាមៗ ដោយគ្មានមូលហេតុ បណ្ដាលឲ្យកម្មករជាច្រើននាក់នាំគ្នារត់គេច យកប្រាសអាយុរៀងៗខ្លួនយ៉ាងស្លន់ស្លោ។

តាមការចេញផ្សាពីសារព័ត៌មានស្រុកថៃ នៅថ្ងៃទី២៣ ខែសីហា នេះបានឲ្យដឹងថា នៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២២ ខែសីហា  ធ្នឹមស្ពានអាកាសដ៏ធំសម្បើមមួយទម្ងន់ជាង១១៦តោន កំពុងសាងសង់ជិតរួចរាល់ នៅលើផ្លូវជាតិលេខ៣១៧ ចន្ថាបុរី-ស្រះកែវ ចន្លោះផ្លូវចូលបានម៉ាតៃ ឃុំប៉ាថាវី និងផ្សារកណ្តាល ផ្លូវលំ ឃុំម៉ាខាំមឿង ស្រុកចាន់បុរី បានបាក់ស្រុតចុះភ្លាមៗដោយគ្មានមូលហេតុ។

យោងតាមវីដេអូពីកាមេរ៉ា CCTV ពីហាងលក់គ្រឿងទេសដែលនៅក្បែរនោះ បានបង្ហាញថា ខណៈមានរថយន្តសណ្ដោងរ៉ឺម៉ក និងរថយន្តស្ទូចមួយគ្រឿង កំពុងចតនៅក្រោមធ្នឹមនៃស្ពានកំពុងសាងសង់ និងមានកម្មករជាច្រើនដើរឆ្លងកាត់ក្បែរនោះឥតដាច់ ស្រាប់តែធ្នឹមស្ពានអាកាសទម្ងន់ជាង ១១៦ តោន បានបាក់ចុះសង្កត់លើរថយន្តទាំងពីរយ៉ាងសន្ទាប់ ដែលបានបង្កការភ័យខ្លាចដល់កម្មករជាច្រើនដែលកំពុងដើរឆ្លងកាត់ក្បែរនោះ។ 

ក្រោយកើតឧបទ្ទវហេតុខាងលើ តាមការចុះពិនិត្យបឋមនៃការខូចខាតឃើញថា រថយន្តសណ្តោងរ៉ឺម៉ក១គ្រឿង និងរថយន្តស្ទូចមួយគ្រឿង របស់ក្រុមហ៊ុនម៉ៅការឯកជន បានរងការខូចខាតយ៉ាងដំណំ ដោយសារធ្នឹមស្ពានបាក់សង្កត់លើ និងមិនបណ្ដាលឲ្យកម្មករណាម្នាក់រងរបួសនោះទេ។

បច្ចុប្បន្ន នាយកដ្ឋានផ្លូវជាតិថៃ ដែលជាភ្នាក់ងារទទួលខុសត្រូវ បាននឹងកំពុងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ រួមទាំងអ្នកម៉ៅការ ក្នុងការពន្លឿនការប្រើប្រាស់កំណាត់បេតុង ដើម្បីកាត់ធ្នឹមស្ពានដែលខូចខាត ដើម្បីជួយសម្រួលដល់ការបោសសម្អាតផ្លូវ។

គួរឲ្យដឹងថា ផ្លូវដែលត្រូវធ្នឹមស្ពានអាកាសបាក់ស្រុតពីលើនោះ គឺជាផ្លូវសំខាន់មួយ។ 

ហើយបើតាមការប៉ាន់ស្មានតម្លៃនៃការខូចខាតយ៉ាងហោចណាស់ក៏ ១០ លានបាតដែរ។ ចំពោះមូលហេតុ នៃឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕