
ថៃ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ការសែតថៃ Khaosod បានចេញផ្សាយថា៖ លោក Wisut Chainarun សមាជិកសភា ក្នុងបញ្ជីគណបក្សភឿថៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលរដ្ឋាភិបាល ( Whip រដ្ឋាភិបាល) ថាលោកលេចលឺនូវពាក្យចចាមអារ៉ាម ព្រឹទ្ធសភាថៃ នឹងបោះឆ្នោតទម្លាក់សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៦។ លោកបញ្ជាក់ថា អគ្គលេខាធិការសភាបានជម្រាបជូនលោកថា សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៦ ដែលសភាតំណាងរាស្រ្តបានអនុម័តរួចហើយនោះ ត្រូវបានដាក់ជូនព្រឹទ្ធសភាកាលពីថ្ងៃទី១៨ ខែសីហាមកម្ល៉ះ ដោយព្រឹទ្ធសភាទទួលខុសត្រូវក្នុងការបញ្ចប់ការពិចារណារបស់ខ្លួនក្នុងរយៈពេល២០ថ្ងៃ។
ភារកិច្ចរបស់ព្រឹទ្ធសភា គឺអនុម័ត ឬមិនអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់តែប៉ុណ្ណោះ។ ព្រឹទ្ធសភាគ្មានសិទ្ធិកែប្រែ ឬធ្វើការផ្លាស់ប្តូរណាមួយឡើយ។ ប្រសិនបើព្រឹទ្ធសភាមិនបានបញ្ចប់ការពិចារណារបស់ខ្លួនក្នុងរយៈពេល២០ថ្ងៃទេនោះ នោះនិងត្រូវបានចាត់ទុកថា ព្រឹទ្ធសភាអនុម័តលើសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែប្រសិនបើព្រឹទ្ធសភាពិចារណានិងអនុម័ត នឹងដាក់ជូនព្រះមហាក្សត្រ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសេចក្តីព្រាងច្បាប់នេះមិនត្រូវបានអនុម័តទេនោះ ត្រូវតែប្រគល់ជូនសភាតំណាងរាស្រ្តវិញ យោងតាមមាត្រា ១៤៣ កថាខណ្ឌទី៤ នៃរដ្ឋធម្មនុញ្ញ ដោយសភាអាចដាក់វានៅក្នុងរបៀបវារៈសម្រាប់ការបោះឆ្នោតជាលើកទីពីរ។ ប៉ុន្តែប្រសិនបើការបោះឆ្នោតលើស ពីពាក់កណ្តាលនៃសភា នោះសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ ២០២៦ ត្រូវបានចាត់ទុកថា ត្រូវបានអនុម័ត និងត្រូវដាក់ជូនសម្រាប់ការយល់ព្រមពីព្រះមហាក្សត្រ និងអនុម័តជាច្បាប់។
លោក Wisut ថាលោកមិនខ្វល់ពីព្រឹទ្ធសភាបោះឆ្នោតប្រឆាំងដើម្បីទម្លាក់បញ្ហានេះទេ ព្រោះព្រឹទ្ធសភាគ្មានសិទ្ធិបោះឆ្នោតប្រឆាំងនោះឡើយ ព្រឹទ្ធសភាមានតែសិទ្ធិបោះឆ្នោតគាំទ្រ ឬមិនគាំទ្រ ព្រឹទ្ធសភាមិនអាចធ្វើការផ្លាស់ប្តូរបានទេ” ។

