
ភ្នំពេញ៖ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាបានកត់សម្គាល់ដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយ នាយករដ្ឋមន្ត្រីស្តីទី នៃប្រទេសថៃ លោក Phumtham Wechayachai ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកថាចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃ យ៉ាងធ្ងន់ធ្ងរទៀតផង។ លើសពីនេះទៀត ប្រការនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាព និងប្រក្រតីភាពរវាងប្រទេសទាំងពីរ។
សកម្មភាពផ្លូវច្បាប់ដែលបានគ្រោងទុកនឹងធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងទាំងអស់ ក្នុងការស្តារឡើងវិញនូវទំនុកចិត្ត ដែលត្រូវការជាចាំបាច់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់បាញ់ដែលបានព្រមព្រៀងដោយកម្ពុជា និងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលជាលក្ខខណ្ឌ និងជាជំហានឆ្ពោះទៅរកការបន្ថយភាពតានតឹងនៃស្ថានការណ៍ដែលបានព្រមព្រៀងគ្នា និងការចុះហត្ថលេខាដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កន្លងមក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេចបាននូវសន្តិភាព និងការស្តារទំនាក់ទំនងឱ្យមានភាពប្រក្រតីឡើងវិញនាពេលដ៏ខ្លីបំផុតខាងមុខនេះ៕

