
យោធាមីយ៉ាន់ម៉ាបានបិទស្ពានព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីធ្វើការរារាំងក្រុមឧទ្ទាម (ការ៉ែន) ដោយយោធាមីយ៉ាន់ម៉ា បានដាក់ពង្រាយកងទ័ពជើងគោក ដើម្បីគ្រប់គ្រងផ្លូវពាណិជ្ជកម្មដ៏សំខាន់នៅក្នុងទីប្រជុំជន ម៉ៃយ៉ាវ៉ាឌី ( Myawaddy ) និងបានកាត់ផ្តាច់ការចូលទៅកាន់ប្រេងឥន្ធនៈ និងទំនិញពីប្រទេសថៃទាំងអស់ ។
ការបិទស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ លេខ២នេះ ចាប់តាំងពីព្រឹកថៃ្ងទី១៨ សីហាមកម្ល៉ះ ដើម្បីទប់ស្កាត់ការចល័តទំនិញពីផ្លូវហាយវេអាស៊ី ឆ្ពោះទៅកាន់ក្រុង Myawaddy រដ្ឋ កៃយីន ( Kayin ) ព្រោះស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ លេខ2នេះ គឺមានសារៈសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មពី Mae Sot ប្រទេសថៃ ទៅកាន់ Myawaddy ប្រទេសមីយ៉ាន់ម៉ា ។
ការបិទច្រកមិនត្រូវបានអនុញ្ញាតឲ្យទំនិញថៃចូលមីយ៉ាន់ម៉ានោះរួមមាន៖ សម្ភារៈសំណង់ អាហារ និងទំនិញផ្សេងៗទៀត ការបិទច្រកជាបណ្តោះអាសន្ននេះមិនត្រូវបានឲ្យដឹងថានិងបើកវិញនៅពេលណានោះទេ។
សូមរំលឹកដែរថា ឡានដឹកទំនិញរបស់ថៃប្រហែលជាង 500 គ្រឿង ត្រូវបានជាប់គាំងកកស្ទះពេញព្រំដែន ចំនុចស្ពានលេខ2 ច្រកព្រំដែន មីយ៉ាន់ម៉ា- ថៃ តាំងពីព្រឹកថ្ងៃទី14 ខែសីហាមកម្ល៉ះ ក្រោយមីយ៉ាន់ម៉ាបិទច្រកជាឯកត្តោភាគីមិនឲ្យចូលប្រទេសខ្លួន ។
លោក U Saw Khin Maung Myint រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃរដ្ឋ Kayin បានប្រាប់បណ្តាញផ្សព្វផ្សាយយោធាថា ស្ពាននេះត្រូវបានបិទជាបណ្តោះអាសន្ន តម្រូវឲ្យរថយន្តដឹកទំនិញស្នើសុំអាជ្ញាប័ណ្ណនាំចូល ហើយនឹងបើកច្រកឡើងវិញ នៅពេលដែលរបបយោធាមីយ៉ានម៉ាផ្តល់ការអនុញ្ញាតជាថ្មី ។
ដោយឡែកយោងតាមរបាយការណ៍របស់សមាគមដឹកជញ្ជូនស្រុកTakនៃប្រទេសថៃ បានឲ្យដឹងថា ខ្លួនបានស្នើសុំការពិភាក្សារវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប្រទេសទាំងពីរលើករណីបិទស្ពាននៃច្រកព្រំដែននេះ ។
មេដឹកនាំយោធាមីយ៉ាន់ម៉ា បាននិយាយនៅក្នុងកិច្ចប្រជុំគណៈកម្មាការយោធា កាលពីថ្ងៃទី12 ខែសីហានេះថា កងកម្លាំងឧទ្ទាមអាចបង្កើនកម្លាំងដោយការគ្រប់គ្រងច្រកទ្វារព្រំដែន និងទទួលបានពន្ធពាណិជ្ជកម្ម ហើយពាណិជ្ជកម្មបែបនេះគួរតែត្រូវបានបញ្ឈប់ជាបន្ទាន់ ព្រោះជាពាណិជ្ជកម្មខុសច្បាប់។
ដោយកងកម្លាំងចម្រុះបដិវត្តន៍ការ៉ែន (KRJF) បានគ្រប់គ្រងផ្លូវហាយវេអាស៊ី ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសថៃ និងមីយ៉ាន់ម៉ា ហើយក្រោយមកយោធារដ្ឋប្រហារមីយ៉ាន់ម៉ាបានកាន់កាប់ផ្នែក ក្យ៉ូនដូ ខ៉ាវខារីក ( Kyondo – Kawkareik ) នៃផ្លូវរដ្ឋ Karen នៅចុងខែកក្កដានេះវិញ។
យោងតាមប្រភពព័ត៌មានពីយោធាបានឱ្យដឹងថា បច្ចុប្បន្នយោធាមីយ៉ាន់ម៉ា កំពុងដាក់ពង្រាយឡើងវិញទៅកាន់ទីប្រជុំជន ខ៉ាវខារីក ( Kawkareik ) ព្រោះក្រុមឧទ្ទាមដែលដឹកនាំដោយសហភាពជាតិ Karen (KNU) កំពុងតែគ្រប់គ្រង និងវាយលុកទីតាំងយោធានៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ។ ដូច្នោះទើមីយ៉ានម៉ាចេញវិធានការបិទច្រកព្រំដែនជាមួយថៃ មិនឲ្យទំនិញគ្រប់ប្រភេទរបស់ថៃ រួមទាំងប្រេងឥន្ទនៈផងដែរចូលប្រទេសខ្លួន ទើបធ្វើឲ្យថៃភ័យស្លន់ស្លោរ ព្រោះសេដ្ឋកិច្ចកំពុងតែដាំក្បាលចុះជាខ្លាំងក្នុងឆ្មាំ២០២៥នេះ៕


