2025-08-18 10:57
74

ឡាហ្គូស៖ មនុស្សជាង ៤០ នាក់បានបាត់ខ្លួនក្នុងឧបទ្ទវហេតុលិចទូកនៅប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីមនុស្ស ៥០ នាក់ បានជិះទូកទៅកាន់ទីផ្សារដ៏ពេញនិយមមួយ នៅភាគពាយព្យនៃរដ្ឋសូកូតូបានក្រឡាប់កាលពីថ្ងៃអាទិត្យ នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារសង្គ្រោះបន្ទាន់។

តាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៨ សីហា នេះបានឲ្យដឹងថា មុនកើតហេតុ អ្នកដំណើរទាំងនោះបានធ្វើដំណើរទៅផ្សារ Goronyo ដែលជាផ្សារអាហារដ៏ពេញនិយមក្នុងរដ្ឋ នៃប្រទេសនីហ្សេរីយ៉ា ។ នេះបើយោងតាមការលើកឡើងដោយលោក Zubaidar Umar ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ។

ទីភ្នាក់ងារនេះបាននិយាយថា ពួកគេកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកសង្គ្រោះបន្ទាន់ក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដើម្បីកំណត់ទីតាំងអ្នកបាត់ខ្លួន។

ឧបទ្ទវហេតុលិចទូកខាងលើ ស្រដៀងគ្នាទៅនឹងហេតុការណ៍មួយដែលបានកើតឡើងកាលពីបីសប្តាហ៍មុន ដោយមនុស្សយ៉ាងតិច ១៣ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីទូកកាណូតមួយគ្រឿងដែលដឹកអ្នកដំណើរប្រហែល ១០០ នាក់បានក្រឡាប់នៅក្នុងរដ្ឋ Niger ភាគកណ្តាល ប្រទេសនីហ្សេរីយ៉ា៕