
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃទី១៧ ខែសីហា នេះថា យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ នៅភាគខាងជើងប្រទេសចិន ខណៈមនុស្ស ៤ នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីខ្យល់មូសុងនៅអាស៊ីបូព៌ានៅតែបន្តបង្កភាពវឹកវរក្នុងបរិយាកាសពាសពេញប្រទេសចិន។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
ប្រទេសចិន បានរងនូវការវាយប្រហារពីអាកាសធាតុខ្លាំងរាប់សប្តាហ៍មកហើយ ចាប់តាំងពីខែកក្កដា មកម្ល៉េះ បណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងជាងធម្មតាជាមួយនឹងខ្យល់មូសុងដែលបានបង្អាក់លើភាគខាងជើង និងខាងត្បូង ប្រទេសចិន។
ខណៈភ្លៀងនៅតែបន្តធ្លាក់ខ្លាំង បង្កទៅជាទឹកជំនន់ភ្លាមៗ បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវបង្ខំចិត្តផ្លាស់ទីទៅកាន់តំបន់សុវត្ថិភាព និងគំរាមកំហែងដល់ការខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារក្នុងប្រទេសចិនទៀតផង។
គ្រោះមហន្តរាយនៅតែបន្តវាយប្រហារបែបនេះ រដ្ឋាភិបាលកណ្តាលចិន បានប្រកាសកាលពីសប្តាហ៍មុនថា នឹងផ្តល់មូលនិធិថ្មីចំនួន ៤៣០ លានយន់ (៥៩.៩ លានដុល្លារ) សម្រាប់ជំនួយសង្គ្រោះគ្រោះមហន្តរាយ ដោយចំនួនសរុបដែលបានបែងចែកជំនួយថវិកានេះចាប់តាំងពីខែមេសា មកយ៉ាងហោចណាស់មានចំនួន ៥.៨ ពាន់លានយន់៕
