
វ៉ាស៊ីនតោន៖ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាង Trupm-Putin កាលពីថ្ងៃសុក្រ កន្លងទៅ លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរាយការណ៍ថា បានទាមទារទឹកដីអ៊ុយក្រែនបន្ថែមទៀត ។ ក្នុងនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែនគួរតែធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ព្រោះថា រុស្ស៊ីជាមហាអំណាច ហើយអ៊ុយក្រែនមិនមែនទេ។ នេះយោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ថ្ងៃទី១៧ សីហា ឆ្នាំ២០២៥។
បន្ទាប់ពីមេដឹកនាំមហាអំណាចទាំងពីរបានជួបគ្នា នៅអាឡាស្កា កាលពីថ្ងៃសុក្រ លោក Trump បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា លោក ពូទីន ចង់ឲ្យទីក្រុង Kyiv ប្រគល់ទាំងអស់នៃ Donetsk ជាតំបន់ឧស្សាហកម្ម និងជាគោលដៅសំខាន់មួយរបស់ទីក្រុងម៉ូស្គូ។ ជុំវិញសំណើរនេះ Zelenskiy បានច្រានចោលការទាមទាររបស់រុស្ស៊ីទាំងស្រុង។
គួរឲ្យដឹងថា រុស្ស៊ីបានគ្រប់គ្រងមួយភាគប្រាំនៃអ៊ុយក្រែនរួចហើយ ក្នុងនោះរួមទាំងប្រហែល ៣/៤ នៃ Donetsk ផងដែរ ។
លោក Zelenskiy បាននិយាយថា ឆន្ទៈរបស់រុស្ស៊ីក្នុងការផ្អាកការប្រយុទ្ធនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិភាពយូរអង្វែង។ យ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា លោកនឹងជួបលោក Trump នៅវ៉ាស៊ីនតោន ក្នុងថ្ងៃចន្ទខាងមុខ។
លើសពីនេះ សម្ព័ន្ធមិត្តអឺរ៉ុបរបស់ ទីក្រុង Kyiv ក៏បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការជួយស្វែងរកសន្តិភាពឲ្យអ៊ុយក្រែនដើម្បីចាកចេញពីការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែអឺរ៉ុប នៅតែបន្តប្តេជ្ញាគាំទ្រអ៊ុយក្រែន និងរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ីដូចដើម។
ក្នុងនោះ រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ លោក Johann Wadephul បាននិយាយថា មេដឹកនាំអឺរ៉ុបអាចនឹងចូលរួមកិច្ចប្រជុំនៅសេតវិមាន នៅថ្ងៃចន្ទផងដែរ៕

