
ថៃ៖ លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ក្នុងតួនាទីជាអគ្គលេខាធិការគណបក្សភឿថៃ បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងសវនាការរបស់តុលាការធម្មនុញ្ញចំពោះដីកាកោះហៅអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃទី២១ ខែសីហា ខាងមុខ ជុំវិញការបែកធ្លាយឃ្លីបវីដេអូសំឡេងនៃកិច្ចសន្ទនាជាមួយ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។
លោក Sorawong បាននិយាយថា បន្ទាប់ពីលោកបាននិយាយជាមួយលោកស្រី ផែថងថាន រួច លោកស្រីបានបញ្ជាក់ថា នឹងបង្ហាញខ្លួននៅក្នុងតុលាការផ្ទាល់ ខណៈដែលសវនាការនេះធ្វើឡើងចំថ្ងៃខួបកំណើតរបស់លោកស្រី។
ក្នុងនោះ គណបក្សទាំងមូលមានការព្រួយបារម្ភទាំងចំពោះលោកស្រីក្នុងឋានៈជាអតីតនាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សភឿថៃ ដោយសារសេចក្តីសម្រេចរបស់តុលាការណាមួយអាចមានផលប៉ះពាល់ផ្នែកនយោបាយ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានបន្ថែមថា អតីតនាយករដ្ឋមន្ត្រី ផែថងថាន កំពុងព្យាយាមរក្សាភាពគ្មានទោសចំពោះទង្វើរបស់លោកស្រី រួមទាំងបានធានាសមាជិកបក្សភឿថៃថា លោកស្រីនឹងមិនលាលែងពីតំណែងឡើយ។
សូមបញ្ជាក់ជាថ្មីថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ត្រូវបានព្យួរតំណែងជានាយករដ្ឋមន្រ្តីថៃ ក្រោយមានការបែកធ្លាយឃ្លីបវីដេអូសំឡេងកិច្ចសន្ទនាជាមួយ សម្ដេច តេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា។
បន្ទាប់មក លោកស្រី ក៏ត្រូវបានព្រះមហាក្សត្រថៃ តែងតាំងជា រដ្ឋមន្រ្តីក្រសួងវប្បធម៌វិញ។ ដោយឡែក ខណៈនេះតុលាកាធម្មនុញ្ញថៃ កំពុងធ្វើការស៊ើបអង្កេតបន្តទៀត ពីទង្វើលោកស្រី ដើម្បីចេញសេចក្ដីសម្រេចនៅពេលក្រោយ៕
