2025-08-15 17:50
56

កាសែតថៃបញ្ជាក់ថា វិស័យទេសចរណ៍ថៃ កំពុងចុះខ្សោយដោយសារតែការប្រកួតប្រជែងដ៏ខ្លាំងក្លាពីប្រទេសវៀតណាម និងកម្មវិធីផ្សព្វផ្សាយ និងឧបត្ថម្ភធនក្នុងស្រុកមិនមានប្រសិទ្ធភាព ក៏ដូចជាការកែលម្អមិនគ្រប់គ្រាន់ចំពោះគោលដៅសុវត្ថិភាព។

កាសែតថៃដដែលបានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី ១០ ខែសីហា ប្រទេសថៃ ស្វាគមន៍ភ្ញៀវទេសចរចំនួន ២០.២ លាននាក់ ធ្លាក់ចុះ ៦.៩% ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងភ្ញៀវចិនចំនួន២.៨ លាននាក់ ដែលជាទីផ្សារធំបំផុត។ ចំណែកចំនួនភ្ញៀវចិនបានធ្លាក់ចុះប្រហែល ៣០% ។

យ៉ាងណា បញ្ហាសន្តិសុខជាកត្តាសំខាន់ណាស់ ក្នុងការរក្សារកំណើនទេសចរ។ ទេសចរបរទេសកាន់តែខ្លាចរអានឹងការទៅលេងកម្សាន្តនៅថៃ ដោយសារតែប្រជាជនប្រទេសមួយនេះ មិនសូវរាក់ទាក់ និងខ្លះមានចរិតកោងកាច ហើយអ្វីដែលកាន់តែភ័យខ្លាចនោះគឺថា នៅថៃ តែងតែកើតមានករណីប្រើអំពើហិង្សាលើជនបរទេស ពីសំណាក់ម្ចាស់ស្រុក។ ក្រៅពីការស្ទាត់ជំនាញប្រើហិង្សា ក៏នៅមានបញ្ហាគ្រឿងញៀន, ព្រះសង្ឃទ្រុសសីល ជាដើម។ល។ ថ្ងៃនេះ MSJ TV សូមធ្វើការលើកឡើងជុំវិញបញ្ហាអសន្តិសុខធំៗ ទាំង១០ករណី ក្នុងប្រទេសថៃ ជម្រាបជូនប្រិយមិត្តបានជ្រាប៖

១. ថ្ងៃទី២៥ខែមីនា – ក្រុមជើងកាង វាយប្រហារទេសចរអាល្លឺម៉ង់នៅ ប៉ាតាយ៉ា
បុរសជនជាតិអាល្លឺម៉ង់អាយុ៤០ឆ្នាំម្នាក់ ត្រូវបានជើងកាងមួយក្រុម មានគ្នា១០នាក់ ព្រួតវាយដំយ៉ាងដំណំ នាវេលាម៉ោង ៤:០៦ នាទីទៀបភ្លឺ។ ប៉ូលិសចាប់បានជនសង្ស័យតែ៣នាក់ប៉ុណ្ណោះ។

២. ថ្ងៃទី២២ខែមេសា – ទេសចរតៃវ៉ាន់ម្នាក់ ត្រូវគេវាយនឹងដំបងនៅ ប៉ាតាយ៉ា
ទេសចរតៃវ៉ាន់អាយុ៤១ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខ វាយមួយដំបងបណ្តាលឲ្យរបួសក្បាលទាំងមិនដឹងមូលហេតុ ពេលកំពុងអង្គុយនៅខាងក្រៅភោជនីយដ្ឋានមួយ នាវេលាប្រហែលម៉ោង១០យប់ នៅក្នុងសង្កាត់ Nong Prue។

៣. ថ្ងៃទី១១ខែឧសភា – ទេសចរបារាំង ត្រូវគេចាក់ពេលប្រវាយប្រតប់គ្នា ក្នុងក្លឹបរាត្រីនៅ ភូកេត
ជនជាតិបារាំងម្នាក់ ត្រូវមនុស្សមួយក្រុមចាក់ជាច្រើនកាំបិតនៅក្នុងក្លឹប Nomad Beach នៃខេត្តភូកេត បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សា។

៤. ថ្ងៃទី៨ខែមិថុនា – ទេសចររុស្ស៊ីម្នាក់ ត្រូវចោរប្លន់នៅ ប៉ាតាយ៉ា
ជនជាតិរុស្ស៊ីអាយុ៥៤ឆ្នាំម្នាក់ ត្រូវចោរវាយឲ្យសន្លប់ រួចប្លន់យកចិញ្ចៀននិងកាបូប។ មិនយូរប៉ុន្មាន ប៉ូលិសក្រុងប៉ាតាយ៉ាបានចាប់ខ្លួនជនសង្ស័យ២នាក់ ដែលសុទ្ធជាអ្នកញៀនថ្នាំ។
៥. ថ្ងៃទី១២ខែកក្កដា – ភ្ញៀវទេសចរអាមេរិកម្នាក់ ត្រូវម្ចាស់បារនៅប៉ាតាយ៉ា វាយយ៉ាងដំណំ
ទេសចរអាមេរិកម្នាក់ ចាប់កាន់ទូរស័ព្ទថតនៅក្នុងបារមួយ ស្រាប់តែត្រូវម្ចាស់បារ វាយយ៉ាងដំណំ ក្នុងក្រុងប៉ាតាយ៉ា។ ជនរងគ្រោះ រងរបួសជាំនិងរលាត់ពេញខ្លួន។

៦. នៅវេលាម៉ោង ៤ និង ០៦ នាទីទៀបភ្លឺ ព្រឹកព្រលឹមថ្ងៃទី១៣ខែសីហានៅឆ្នេរ Jomtien នៅជិតផ្សារដ៏មមាញឹកមួយ រវាងក្រុមក្មេងទំនើងបាញ់ប្រហារគ្នាបណ្ដាលឲ្យទេសចររត់គេចខ្លួនដោយភិតភ័យ។ ប៉ូលិសបានកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងមានអាយុត្រឹមតែ ១៦ ឆ្នាំ និងបក្សពួកអាយុ ១៥ ឆ្នាំ ដោយបានដកហូតបានកាំភ្លើងខ្លី Glock 17 មួយដើម ដែលប្រើក្នុងការវាយប្រហារ ខណៈជម្លោះនេះកើតចេញពីជម្លោះចាស់មួយបានកើតឡើងបន្ទាប់ពីជនរងគ្រោះបានជេរប្រមាថមិត្តភក្តិរបស់ជនសង្ស័យតាមបណ្តាញសង្គម។

៧.នៅចំណុចឃុំកោះឆាង នៃស្រុក ម៉ែសៃ ខេត្តឈៀងរ៉ៃ កាលពីថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ ពេលដែលក្រុមជួញដូរគ្រឿងញៀន ជិះទូកឆ្លងទន្ល Ruak ចេញពីតំបន់ Tachilek នៃប្រទេសមីយ៉ាន់ម៉ា ចូលដីថៃរួចក៏ជួបនឹងទាហានកំពុងល្បាត។ ក្រោយការបាញ់តដៃដ៏ក្តៅគគុកប្រមាណ៥នាទី ឈ្មួញគ្រឿងញៀនដែលមានគ្នា៤នាក់ ក៏ដកថយទៅមីយ៉ាន់ម៉ាវិញ ដោយបន្សល់ទុកថ្នាំមេតំហ្វេតាមីន ២ ៨០០ ០០០គ្រាប់ឲ្យទាហានថៃរឹបអូសយក។

៨.ថ្ងៃអាទិត្យទី៣ខែសីហាឆ្នាំ២០២៥ នៅស្រុក Chiang Khan នៃខេត្ត Loeiប្រទេសថៃ បានបើកប្រតិបត្តិការ Re-X បង្ក្រាបបណ្តាញគ្រឿងញៀនអន្តរជាតិ ដោយចាប់បានអ្នកជួញដូរ២នាក់ និងរឹបអូសថ្នាំមេតំហ្វេតាមីន ៣ ៨២០ ០០០គ្រាប់។ តាមការបញ្ជាក់ពីប៉ូលិស ក្រុមនេះគឺជាបណ្តាញជួញដូរអន្តរជាតិ ហើយសមត្ថកិច្ចបានតាមដានពួកគេជាយូរមកហើយ។ ពួកគេបានដឹកជញ្ជូនគ្រឿងញៀន១២ថង់ធំតាមម៉ូតូទឹក យកទៅដាក់រថយន្តភីកអាប់ម៉ាក MG ពណ៌ប្រផេះមួយគ្រឿងដែលចតចាំ ប៉ុន្តែត្រូវប៉ូលិសបង្ក្រាបបាន។

៩.ទេសចរជនជាតិអង់គ្លេសម្នាក់ត្រូវរបួសបាក់ដៃស្តាំ ក្នុងជម្លោះជាមួយនារីបម្រើស្រាបៀរម្នាក់ ក្នុងហាងមួយនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ ថ្ងៃពុធទី៦ខែសីហាឆ្នាំ២០២៥ ខណៈជម្លោះចាប់ផ្តើមនៅពេលជនជាតិអង់គ្លេស អន់ចិត្តដែលនារីមិនព្រមផឹកស្រាជាមួយ រួចក៏ឈ្លោះប្រកែកគ្នា។ តាមសម្តីនារីបម្រើស្រាបៀរឈ្មោះ Sureerat វ័យ៣៩ឆ្នាំ, ក្នុងពេលតឹងសរសៃរ.កដាក់គ្នានោះ ជនជាតិអង់គ្លេសបានទះកំផ្លៀងនាង ប៉ុន្តែមានអ្នកចូលអន្តរាគមន៍ ក៏រុញទេសចររូបនោះឲ្យដួលច្រត់ដៃ បាក់តែម្តង។

១០.ប្រទេសថៃមួយរយៈចុងក្រោយនេះតែងតែមានរឿងអាស្រូវទាក់ទងនឹងព្រះសង្ឃដូចជាព្រះសង្ឃជាន់ខ្ពស់ជាច្រើនអង្គមានទំនាក់ទំនងផ្លូវភេទជាមួយស្រ្តីម្នាក់ និងលួយបច្ច័យវត្ត។ ក្រោយមកក៏មានការត្រួតពិនិត្យព្រះសង្ឃជាច្រើនអង្គទូទាំងប្រទេសដើម្បីស្ដាទំនុកចិត្តប្រជាជនលើព្រះពុទ្ធសាសនា រកឃើញព្រះសង្ឃមួយចំនួនតេស្តវិជ្ជមានសារធាតុញៀន ខណៈព្រះសង្ឃអង្គខ្លះទៀតធ្លាប់មានប្រព្រឹត្តបទឧក្រិដ្ឋពីមុនមកនិងបានរត់គេចពីសំណាញ់ច្បាប់មកបួស។ រឿងអាស្រូវទាំងនេះបានធ្វើឲ្យសហគមន៍ពុទ្ធសាសនាថៃរង្គោះរង្គើនិងបាត់ទំនុកយ៉ាងខ្លាំង ហើយរឿងអាស្រូវទាំងនេះក៏ល្បីសាយភាយដល់អន្តរជាតិផងដែរ។ រឿងចាស់មិនទាន់ស្ងប់ស្ងាត់ផង រឿងថ្មីក៏កើតមានជាបន្ត។ ជាក់ស្ដែង នៅថ្ងៃទី១៣ សីហា រឿងរ៉ាវជម្លោះប្រច័ណ្ឌគ្នានាំឲ្យមានការបែកធ្លាយវីដេអូស្នេហាភេទដូចគ្នារវាងព្រះចៅអធិការវត្តដ៏ល្បីមួយក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ ជាមួយបុរសម្នាក់និងបែកធ្លាយវីដេអូមិនសមរម្យផ្សេងទៀតបង្កឲ្យពុទ្ធបរិស័ទជាច្រើនរិះគន់និងបង្ខំឲ្យព្រះចៅអធិការអង្គនោះផ្សឹកចេញពីវត្ត ថែមទៀត...៕