
ថៃ៖ នៅវេលាម៉ោង១០៖៤៥នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើរតួជានាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់មេបញ្ជាការយោធភូមិភាគទី២ ដែលថា ប៉ុស្តិ៍ត្រួតពិនិត្យកម្ពុជា-ថៃ នឹងមិនបើករហូតដល់លោកចូលនិវត្តន៍។
លោក Phumtham បាននិយាយថា រដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់រួចហើយ ហើយត្រូវតែរង់ចាំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC) ដែលនឹងប្រព្រឹត្តទៅព្រោះវាត្រូវអនុវត្តតាមនីតិវិធីត្រឹមត្រូវ។
តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ Khaosod បានឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងតាមដានបណ្ដឹងដែលដាក់ទៅអង្គការផ្សេងៗ ជុំវិញករណីដែលចោទកម្ពុជាថាបានបំពានសន្ធិសញ្ញាអូតាវ៉ា ហើយអង្គការមួយចំនួនបានកោះប្រជុំដើម្បីពិភាក្សាអំពីបញ្ហានេះ។
លោក ភុំថាម បន្តថា បច្ចុប្បន្ន ប្រទេសថៃកំពុងបង្កើនការយល់ដឹងជាមួយប្រទេសផ្សេងៗ ហើយបានអញ្ជើញឯកអគ្គរដ្ឋទូតទៅទស្សនាតំបន់រងគ្រោះ។
លោកជឿជាក់ថា ប្រទេសថៃមានការគាំទ្រពីសហគមន៍អន្តរជាតិកាន់តែច្រើន ដោយសារតែខ្លួនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការជាជំហានៗ និងធ្វើសកម្មភាពស្របតាមច្បាប់។
គួរបញ្ជាក់ឲ្យដឹងថា មេបញ្ជាការយោធភូមិភាគទី២ ថៃ ឧត្តមសេនីយ៍ទោ Boonsin Padklang បានបញ្ជាក់នៅថ្ងៃទី១៤ ខែសីហា ម្សិលមិញថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបើកច្រកព្រំដែនកម្ពុជា-ថៃទេ។ ក្នុងការថ្លែងបញ្ជាក់ មេទ័ពរូបនេះបន្តដោយនិយាយលេងសើចថា ខ្លួននឹងបិទរហូតដល់ពេលចូលនិវត្តន៍។
លើសពីនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានច្រានចោលយ៉ាងដាច់អហង្កាទៅលើការចោទប្រកាន់របស់ភាគីថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ពិសេសគឺរឿងទាហានថៃជាន់មីន។
ម្យ៉ាងវិញទៀត ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន នៅពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ កន្លងទៅ កម្ពុជាគោរពបទឈប់បាញ់បានយ៉ាងល្អបំផុត ហើយកងកម្លាំងប្រដាប់អាវុធកម្ពុជាគោរពរវិន័យ និងបទបញ្ជាថ្នាក់ដឹកនាំយ៉ាងម៉ឺងម៉ាត់ មិនដូចជាការបំភ្លៃដោយគ្មានមូលដ្ឋានដូចដែលភាគីថៃចោទប្រកាន់ឡើយ៕
