
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា ក្រុងគៀវ និងទីក្រុងមូស្គូ នឹងត្រូវប្រគល់ទឹកដី ដើម្បីបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ។ ហើយការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅសប្តាហ៍នេះ នឹងបង្ហាញភ្លាមៗថា តើមេដឹកនាំវិមានក្រឹមឡាំង មានឆន្ទៈធ្វើកិច្ចព្រមព្រៀងដែរឬទេ?
តាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី១២ សីហា នេះបានឲ្យដឹងថា មេដឹកនាំអឺរ៉ុប និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy គ្រោងនឹងនិយាយជាមួយលោក Trump មុនពេលកិច្ចប្រជុំកំពូលរបស់គាត់ជាមួយលោកពូទីន នៅរដ្ឋអាឡាស្កា ចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ ស្របពេលដែលមានការភ័យខ្លាចថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងកំណត់លក្ខខណ្ឌសន្តិភាពមិនអំណោយផលដល់អ៊ុយក្រែន។
ថ្លែងក្នុងសន្និសីទសារព័ត៌នៅសេតវិមាន លោក ត្រាំ បាននិយាយថា កិច្ចប្រជុំនាពេលខាងមុខជាមួយ ពូទីន អាចរួមបញ្ចូលទាំង Zelenskiy ផងដែរ។ ហើយគោលដៅរបស់សហរដ្ឋអាមេរិក គឺជាបទឈប់បាញ់ដ៏ឆាប់រហ័សបំផុតនៅក្នុងជម្លោះបង្ហូរឈាមរវាងអ៊ុយក្រែននិងរុស្ស៊ី។
លើសពីនេះ ត្រាំ គ្រោងនឹងពិភាក្សាជាមួយមេដឹកនាំអឺរ៉ុបភ្លាមៗបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោកពូទីនរួចរាល់។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Trump បាននិយាយថា "នឹងមានការផ្លាស់ប្តូរដីមួយចំនួនកំពុងបន្ត" ។
លោក បន្តថា៖ “ខ្ញុំដឹងថាតាមរយៈរុស្ស៊ី និងតាមរយៈការសន្ទនាជាមួយអ្នករាល់គ្នាដើម្បីផលប្រយោជន៍អ៊ុយក្រែន។ រុស្ស៊ី បានកាន់កាប់ទឹកដីសំខាន់មួយចំនួន ប៉ុន្តែយើងនឹងព្យាយាមយកទឹកដីនោះមកវិញ។"
គួរបញ្ជាក់ថា លោក Trump ក៏ធ្លាប់បាននិយាយអំពីការដោះដូរដីរវាងប្រទេសទាំងពីរនេះដែរ ប៉ុន្តែទាំងរុស្ស៊ី និងអ៊ុយក្រែន មិនបានបើកចំហរចំពោះការប្រគល់ដីដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពនោះទេ។
ម្យ៉ាងវិញទៀត ដើម្បីជម្រុញប្រទេសទាំងពីរនេះឲ្យមានការយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព លោក Trump បានពង្រឹងជំហររបស់គាត់ ចំពោះទីក្រុងមូស្គូដោយយល់ព្រមអនុញ្ញាតឱ្យអាវុធបន្ថែមរបស់សហរដ្ឋអាមេរិកទៅដល់អ៊ុយក្រែន និងគំរាមកំហែងពន្ធប្រឆាំងនឹងអ្នកទិញប្រេងពីរុស្ស៊ី ប៉ុន្តែការភ័យខ្លាចនៅតែមាននៅក្នុងទ្វីបអឺរ៉ុបថា គាត់អាចយល់ព្រមលើកិច្ចព្រមព្រៀងដែលបង្ខំឱ្យមានសម្បទានធំពីទីក្រុង Kyiv ៕
