
ម៉ានីល៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បានចេញឲ្យដឹងថា ៖ នាវាកងទ័ពជើងទឹកចិនមួយគ្រឿង បានបុកជាមួយនាវាឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន ខណៈពេលកំពុងដេញតាមទូកល្បាតហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ហេតុការណ៍នេះបង្កឲ្យមានភ្ញាក់ផ្អើល នៅព្រឹកថ្ងៃចន្ទទី១១ ខែសីហា ឆ្នាំ២០២៥ នៅជិត Scarborough Shoal ។ ខណៈពេលដែលឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានអមដំណើរទូកដែលកំពុងចែកចាយជំនួយដល់អ្នកនេសាទនៅក្នុងតំបន់នោះ ស្រាប់តែនាវាឆ្មាំសមុទ្រចិន ដេញតាមនាវាឆ្មាំសមុទ្រហ្វីលីពីន ក្នុងល្បឿនលឿន ប្រដេញតាមក្នុងភាពប្រថុយប្រថាន បណ្ដាលឲ្យមានការប៉ះទង្គិចជាមួយនាវាចម្បាំងកងទ័ពជើងទឹកចិន និងបណ្តាលឲ្យនាវាឆ្មាំសមុទ្រចិន មានការខូចខាតយ៉ាងច្រើន ។
ជាមួយគ្នានេះឆ្មាំឆ្នេរសមុទ្រចិនបានចាត់វិធានការចាំបាច់ស្របតាមច្បាប់ រួមទាំងការត្រួតពិនិត្យ ការដាក់សម្ពាធ រារាំងពីខាងក្រៅ និងគ្រប់គ្រងនាវាហ្វីលីពីន ដើម្បីបណ្តេញចេញ។
ការប៉ះទង្គិចគ្នានេះគឺការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់រវាងចិន និងហ្វីលីពីននៅសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងអះអាងស្ទើរតែទាំងស្រុង បើទោះបីជាមានសេចក្តីសម្រេចអន្តរជាតិថា ការអះអាងនេះមិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានពេលព្រឹកនេះ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បាននិយាយថា នាវាល្បាតរបស់ប្រទេសហ្វីលីពីននឹងនូវតែ"បន្តមានវត្តមាន" នៅក្នុងតំបន់ដើម្បីការពារ ក៏ដូចជាអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងម៉ានីល ដែលជាដែនទឹកដីរបស់ខ្លួន។ ចំពោះការប៉ះទង្គិចគ្នានេះ មិនទាន់មានប្រភពច្បាស់ការណាមួយបានបញ្ជាក់ថា តើមានមនុស្សប៉ុន្មាននាក់រងរបួសក្នុងឧបទ្ទវហេតុនៃការប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទនេះនៅឡើយទេ ។ ដោយឡែកឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានចោទប្រកាន់នាវាចិន ថាបានធ្វើសកម្មភាពឈ្លានពាន និងបង្កគ្រោះថ្នាក់ បន្ទាប់ពីបានបាញ់ដោយកាំភ្លើងបាញ់ទឹក នៅក្នុងការប្រឈមមុខគ្នា ចុងក្រោយនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាជំលោះដែនសមុទ្រ មិនទាន់ដាច់ស្រេចនៅឡើយ។
ក្នុងនោះមាន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងតៃវ៉ាន់ ក៏ជាប់ពាក់ព័ន្ធក្នុងការប្រឈមមុខដាក់គ្នាលើជំលោះដែនសមុទ្រដ៏រ៉ាំរ៉ៃ ដែលជាចំណុចមួយនៅអាស៊ី ដែលការភ័យខ្លាចជាច្រើនអាចដាក់ចិន និងសហរដ្ឋអាមេរិកនៅក្នុងជម្លោះដ៏ធំមួយ។
អាមេរិក មិនបានអះអាងថាចំណែកណាមួយចំពោះសមុទ្រចិនខាងត្បូងទេ ប៉ុន្តែអាមេរិចបានព្រមានម្តងហើយម្តងទៀតថា ខ្លួនមានកាតព្វកិច្ចការពារហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាយូរអង្វែង ប្រសិនបើកងកម្លាំង នាវា និងយន្តហោះហ្វីលីពីន ស្ថិតនៅក្រោមការវាយប្រហារដោយប្រដាប់អាវុធ រួមទាំងនៅសមុទ្រចិនខាងត្បូង។


